ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបើកបរដោយក្មេងទំនើងបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលភ្លើងស្តុបខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើងបើករថយន្តបាឡែនយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស រួចបត់ឆ្លងទៅកើតមិនបង្អង់ល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺ ផ្លូវ និងបង្គោលភ្លើងស្តុបបាក់ខូចខាត។ ក្រោយកើតហេតុទាំងអ្នកបើកបរ និងអ្នករួមដំណើរជាមួយគ្នា៣នាក់ឡើងជិះម៉ូតូគេចខ្លួនបាត់តែម្តង បន្សល់ទុក រថយន្តនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទល់មុខវិទ្យាស្ថានជាតិ ផ្លូវលេខ៩៦ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺរថយន្តនេះបើកបរពីត្បូងមក លុះមកដល់ចំណុចកើតហេតុរថយន្តនោះបត់ឆ្លងឡើងមកកើតផ្លូវលេខ៩៦ ហើយក៏ជ្រុលបុកបង្គោលភ្លើង និងបង្គោលភ្លើងស្តុបបណ្តាលឲ្យបាក់ និងរថយន្តរងនូវការខូចខាតយ៉ាងដំណំផងដែរ។

ប្រភពបន្តថា ក្រោយមកក៏ឃើញមនុស្ស៣នាក់ចេញពីរថយន្តរួចជិះម៉ូតូទៅបាត់តែម្តង។

សមត្ថកិច្ចបាននិយាយថា រថយន្តបង្កហេតុម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-3120។ ក្រោយកើតហេតុម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល ។ រថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យច រាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕ តាឡឹម


ចែករំលែក៖