ភ្នំពេញ៖ មន្ត្រីប៉ូលិសខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកខ្សាច់មួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះមកបុកម៉ូតូរបស់គាត់ពេញទំហឹង ហើយជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងដើមឈើមួយដើមទៀតបាក់ដាច់ចេញពីគល់ថែមទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងែទី៤ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្លូវ១០៥Kកែងនិងផ្លូវ១៩៦២ ស្ថិតក្នុងភូមិក្រាំងអង្ក្រងទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក NISSAN ពណ៌ត្រេអ៊ី ជាប្រភេទប៊ែនដឹកខ្សាច់ ពាក់ស្លាកលេខ ខេមរភូមិន្ទ០១ ៣ ៣២៤៧ ដែលបើកបរដោយបុរសម្នាក់មានឈ្មោះ មុំ ភារម្យ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ០៣ ១ ២១៥១ បើកបរដោយបុរសម្នាក់មានឈ្មោះ ឈ្មោះ សឿង រិទ្ធី អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះខាងលើ ទើបតែបើកចេញមកពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយបំណងជិះទៅផ្ទះនៅជិតកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០៥K ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវ១៩៦២ក្នុងល្បឿនយឺតៗ ខណៈនោះស្រាប់តែមានរថយន្តបង្កខាងលើ បើកចេញមកពីម្តុំវត្តក្រាំងធ្នង់ ហើយបំណងបើកទៅទុកនៅផ្ទះមេនៅម្តុំផ្សារឈូកមាស ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦២ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចក៏បានអក់ហ្សើជាមួយនឹងម៉ូតូរងគ្រោះខាងលើ ហើយរថយន្តបង្កបានខំប្រឹងបួងចង្កូតទៅខាងស្តាំគេចចេញពីម៉ូតូដែរ តែគេចមិនផុត ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាតបាក់កាបាំងផ្នែកខាងមុខ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកនឹងដើមអំពិលមួយដើមដែលនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់ដល់ពីគល់ រួមទាំងប៉ះដំបូលសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តរងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ភ្លាមនោះអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចទាន់ពេលវេលា។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពរស្មី ដោយឡែក ម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងឃាត់ខ្លួនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ តុង សីហា