ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ​រេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាត។ ​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ព្រះសីហនុ កែងនឹងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ស្លាកលេខភ្នំពេញ2AP- 7042 ធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មរងការខូចខាតបន្តិចបន្តួច ក្រោយមកអ្នកបើកបររថយន្តបង្កបានបើករថយន្តចេញពីកន្លែងកើតហេតុត្រឡប់ក្រោយ រហូតជិតមកដល់ស្តុបវត្តមហាមន្ត្រីត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា ប្រទះឃើញ ក៏ឃាត់រថយន្ត ហើយទាក់ទងទៅខាងសមត្ថកិច្ចខណ្ឌចំការមនវិញ​ ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តបង្ក ខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖