ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីព្រឹក កម្លាំងជំនាញការិយាល័យគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុម ២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះប៉ែន ចាន់ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះគៀន ស្រីថុល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងខារ៉ាអូខេ ។ ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសង្ស័យថ្នាំញៀនមេតំហ្វេតាមីន ២២ កញ្ចប់តូច និង១កញ្ចប់ធំ ស្មើនឹងទម្ងន់ ៤.៤៦ ក្រាម ។
លុះដល់វេលាម៉ោង ១២និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ឈ្មោះ ប៉ែន ចាន់ថា បានចូលរួមសហការជាមួយសមត្ថកិច្ចដោយ ទំនាក់ទំនងតាមទូរស័ព្ទទៅរកជនសង្ស័យ២នាក់ ដែលកំពុងស្នាក់នៅផ្ទះសំណាក់ ជី បី ធី បន្ទប់លេខ១០៥ ហើយ សមត្ថកិច្ចបន្តទៅឃាត់បាន២នាក់ទៀត ឈ្មោះ សយ ធាវិន ភេទស្រី អាយុ២៩ឆ្នាំ មុខរបររត់តុ និងឈ្មោះ ហេង សុភក្តិ ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុ ។
វត្ថុតាងដកហូតរួមមាន:ថ្នាំញៀនមេតំហ្វេតាមីន ៥៤កញ្ចប់តូច ស្មើនឹងទម្ងន់ ៤.៤២ក្រាម ។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ