ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អតីតតារាសម្តែង និងចម្រៀង ឡាយ លក្ខិណា ដែលបាត់មុខអស់ជាច្រើនឆ្នាំហើយបានបង្ហាញមុខជាថ្មីលើវេទិកាតន្ត្រីជាថ្មី។ វិលវិញនេះមិនត្រឹមតែ គាស់រំលើងសមត្ថភាពសិល្បៈសម្រាប់អ្នកគាំទ្រនៅកម្ពុជាទេ នាងក៏គ្រោងនឹងដឹកដៃតារាចម្រៀងអេន ឌី ចេញទៅច្រៀងរាំនៅលើទឹកដី នៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះផងដែរ។
បាត់មុខពីឆាកតន្ត្រី១២ឆ្នាំដោយរស់ក្នុងជីវិតបែបសាមញ្ញឡាយ លក្ខិណាហាក់មិនដែលខ្វល់ខ្វាយពីការចូលសិល្បៈទេ ប៉ុន្តែដោយសារមានការសំណូមពរ និងជំរុញលើកទឹកចិត្តពីអ្នកសិល្បៈ តារាស្រីល្បីឈ្មោះរូបនេះសម្រេចចិត្តឡើងជាន់ឆាកតន្ត្រីជាថ្មី។ ឡើងជាថ្មីនេះ នាងក៏គ្រោងនឹងវាយលុកទីផ្សារការងារសិល្បៈមួយទំហឹងផងដែរ។ តារាស្រីរូបនេះថ្លែងថា នាងពិតជារីករាយដែលទស្សនិកជនមិនភ្លេចរូបនាង ហើយបានបន្តគាំទ្រ និងលើកទឹកចិត្តនាងជាថ្មីដែរ។
ក្រោយពីផ្លាស់ប្តូពីបើកលក់សម្លៀកបំពាក់ពីផ្សារអូឬស្សីមកនៅជិតផ្សារទួលគោកវិញ នាងអាចមានពេលទំនេរខ្លះដើម្បីចូលប្រឡូកការងារសិល្បៈ។ ក្រោយពីប្រកាសចូលជាថ្មីនេះនាងទទួលបានការងារមួយចំនួនទាំងការថតបង្ហាញម៉ូតសម្រាប់សម្អាងការ ការឡើងច្រៀងតាមឆាកតន្ត្រីជាដើម ហើយនៅខែធ្នូចុងឆ្នាំ២០១៧នាង និងលោកអេន ឌី និងចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះ នាងក៏នឹងពិចារណាទទួលយកការសម្តែងភាពយន្តជាថ្មីផងដែរ ប្រសិនបើការថតនោះចំណាយពេលមិនយូរថ្ងៃ។
តារាស្រីសម្រស់ចាំរូបនេះបញ្ជាក់ដែរថា ប្រសិនបើគម្រោងចេញទៅច្រៀងនៅលើទឹកដី នៃសហរដ្ឋអាមេរិកនេះលេចជារូបរាង នាងអាចនឹងត្រូវចំណាយពេលច្រៀងរាំនៅទីនោះប្រមាណ២ខែ។ សម្រាប់រឿងរ៉ាវស្នេហាវិញ នាងទទួលស្គាល់ថា ពិតជាមានបុរសមួយចំនួនតាមស្នេហ៍មែន ប៉ុន្តែនាងមិនទាន់សម្រេចចិត្តទទួលយកបុរសណានៅឡើយ ព្រោះតែចង់មើលចិត្តគ្នាឲ្យបានយូរជៀសវាងខកបំណងជាលើកទី២។
ដោយឡែកសម្រាប់រឿងស្នេហាថ្មីនៅឆ្នាំ២០១៧នេះអ្នកនាងថា មានគេស្រឡាញ់ហើយកំពុងឈ្វេងយល់ចិត្តគ្នានៅឡើយ តែមិនមែនជាសង្សារទេ គឺគ្រាន់តែមើលចិត្តគ្នាហើយនៅពេលនេះ អ្នកនាងមិនទាន់ចង់និយាយរឿងស្នេហ៍ថ្មីឡើយ៕ វឌ្ឍនា