ភ្នំពេញ ៖ អនុគណៈកម្មាការប្រទីប និងបាញ់កាំជ្រួចនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រជុំពិភាក្សា សេចក្តីព្រាងផែនការបណ្តែតប្រទីប និងបាញ់កាំជ្រួច ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី៣ ខែតុលាឆ្នាំ ២០១៧ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន អនុគណៈកម្មការប្រទីប និងបាញ់កាំជ្រួច និង លោក ឈិន កេតនា អនុ ប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អនុប្រធាន អនុគណៈកម្មការប្រទីប និងបាញ់កាំជ្រួចបានឲ្យដឹងថា ប្រទីបដែលត្រូវបណ្តែត អបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧ មានចំនួន១៤ ដូចបណ្តាឆ្នាំមុនៗដែរ ។
ក្នុងនោះមានប្រទីបព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជ កម្មក្រសួងទេសចរណ៍ ក្រសួងរ៉ែ និងថាម ពល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ប្រទីបសាលារាជធានីភ្នំពេញ។
អង្គប្រជុំបានពិភាក្សា ក៏ដូចជាធ្វើបទ បង្ហាញពីប្រទីបស្ថាប័នរដ្ឋចំនួន១៣លើកឡើងដោយតំណាងក្រសួងស្ថាប័ននីមួយៗពីចំណុចខ្វះចន្លោះកើតមាន ក្នុងឆ្នាំកន្លងមកធ្វើការកែតម្រូវឡើង វិញបំពេញបន្ថែមសម្រស់របស់ប្រទីប នីមួយៗក្នុងឆ្នាំនេះដាក់ជូនកិច្ចប្រជុំបានជ្រាបក្នុងគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បន្តទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែង អំណរគុណចំពោះបណ្តាក្រសួងស្ថាប័នរដ្ឋដែលកន្លងមកខិតខំរៀបចំាប្រទីប របស់ខ្លួនយ៉ាងប្រសើរស្របទៅតាមផែនការរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
សម្តេចពិជ័យសេនា ផ្តាំផ្ញើដល់អនុ គណៈកម្មការនិងបណ្តាក្រសួងស្ថាប័នទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំទាំងរចនា សោភណភាព និងខ្លឹមសារប្រទីបឲ្យត្រឹម ត្រូវនិងទាន់ពេលវេលា ធ្វើយ៉ាងណាឲ្យ ការបណ្តែតប្រទីបអបអរសាទររយៈពេល បីយប់ តាមដងទន្លេសាប មុខព្រះបរមរាជវាំងទទួលបានការចូលរួមទស្សនារបស់ បងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសច្រើនកុះករប្រកបដោយសុវត្ថិភាព ៕ សុខដុម