ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខក្រុមហ៊ុនបុរីពិភពថ្មី២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីពាណិជ្ជករម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែន សុខនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ដែល ជាសន្តិសុខក្រុមហ៊ុនបុរីពិភពថ្មីទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មលើស្ត្រី ពាណិជ្ជករម្នាក់ដើម្បីប្លន់យកទ្រព្យសម្បត្តិ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប្រាក់ រ៉ាន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ សន្តិសុខ បុរីពិភពថ្មី និងទី២-ឈ្មោះ កឿន សុធា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ សន្តិសុខ បុរីពិភពថ្មី ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧កន្លងទៅមានជនរងគ្រោះម្នាក់ ឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ ជាពាណិជ្ជករ ត្រូវបានជនសង្ស័យអារកឲ្យរបួសធ្ងន់ នៅចំណុច ក្នុងផ្ទះលេខ៣១ ក្រុម១២ ផ្លូវ លេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ។

ក្រោយការស្រាវជ្រាវសមត្ថកិច្ចខណ្ឌសែនសុខនៅថ្ងៃដដែលបានឃាត់ខ្លួនជន សង្ស័យចំនួន៦នាក់ ដែលជាសន្តិសុខរបស់ ក្រុមហ៊ុនបុរីពិភពថ្មី ប៉ុន្តែក្រោយមកជន សង្ស័យ៤នាក់ដែលមិនមានការពាក់ព័ន្ធ ត្រូវសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថានៅកន្លែងកើតហេតុសមត្ថកិច្ចនគរបាលជំនាញព្រហ្ម ទណ្ឌបានចុះធ្វើកោសល្យវិច័យរកឃើញសម្ភារបន្សល់ទុកនៅកន្លែងហេតុហេតុ រួមមាន ពិលពាក់ក្បាលសន្តិសុខបុរីពិភពថ្មី ចំនួន ១-ខ្សែក្រវាត់របស់សន្តិសុខបុរីពិភពថ្មីចំនួន ១មួកសន្តិសុខបុរីពិភពថ្មី ប្រឡាក់ ឈាមចំនួន១ ស្បែកជើងផ្ទាត់១ចំហៀង។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យទាំង ២នាក់ខាងលើ ក៏ត្រូវបានរកឃើញមានផ្ទុកសារធាតុញៀនផងដែរ ហើយត្រូវបាន សមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង ៕ ហេង នរិន្ទ្រ


ចែករំលែក៖