ខេត្តកំពង់ស្ពឺ ៖ ឈើម្រេញជាច្រើនដុំដែលឈ្មួញលាក់ទុកក្នុងព្រៃក្រោយផ្ទះ ប្រជាពលរដ្ឋត្រូវបានមេព្រៃចុះចាប់ប្រមូល និងដកហូតយកធ្វើជាសម្បត្តិរដ្ឋតាមសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែត។ការចុះដកហូតនេះគឺបន្ទាប់ពីក្រុមមន្ត្រីអង្គការវ៉ាយអេតដែលទទួលសេចក្តីរាយការណ៍ហើយមិនបានអើពើធ្វើការចុះបង្ក្រាប និយាយរួម ការចុះចាប់នេះគឺមេព្រៃផ្នែកបសេដ្ឋធ្វើឡើងទាំងទើសទាល់មិនហ៊ានប្រឆាំងនឹងបញ្ជា ថ្នាក់លើ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះប្រមូលយកឈើដែលឈ្មួញលាក់ទុកក្នុងព្រៃនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុច និយាមកា ០៤០៥៥៤៩ ១២៦២៦៩៤ ស្ថិតក្នុងភូមិ សាស្ត្រភូមិបន្ទាយរកា ឃុំក្រាំង ដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នាយរងសង្កាត់រដ្ឋបាលព្រៃឈើគិរីវ័នមួយរូបបានប្រាប់ថា ការចុះបង្ក្រាបនិងដក ហូតនេះគឺធ្វើឡើងបន្ទាប់ពីអ្នកកាសែតមួយក្រុមនៅក្នុងខេត្តបានរាយការណ៍ទៅថ្នាក់ដឹកនាំថាបានប្រទះឃើញគំនរឈើមួយ កន្លែងនៅក្រោយផ្ទះប្រជាពលរដ្ឋដែលឈើទាំងនោះត្រូវបានឈ្មួញដឹកយកមកលាក់ទុកនៅទីនោះ ។
សេចក្តីរាយការណ៍នេះធ្វើឡើងបន្ទាប់ពីអ្នកកាសែតរូបនោះរាយការណ៍ទៅក្រុមមន្ត្រីអង្គការវ៉ាយអេតដែលនៅជិតនោះឲ្យ បង្ក្រាបតែមិនមានការអើពើពីសំណាក់ មន្ត្រីអង្គការវ៉ាយអេតនោះឡើយទើបអ្នក កាសែតរូបនោះបង្វែរសេចក្តីរាយការណ៍ទៅថ្នាក់លើវិញទើបមានបញ្ជាឲ្យលោកសុខសុខុននាយរងស្តីទីផ្នែករដ្ឋបាលព្រៃឈើ បសេដ្ឋដឹកនាំការចុះបង្ក្រាបតែម្តង ។
ជាលទ្ឋផលការចុះបង្ក្រាបនេះគឺប្រមូលឈើបាន១២ដុំស្មើនឹងចំនួន៥ម៉ែត្រត្រីគុណ២៦៩ជាប្រភេទឈើម្រេញ ដែលពួកជន ល្មើសបានលាក់ទុក ។
ការចុះបង្ក្រាបឈើនេះដែរបើតាម សេចក្តីរាយការណ៍គឺឈើមានចំនួន១៥ដុំឯណោះដែលឈ្មួញបានលាក់ទុកនៅក្នុងព្រៃដើម្បីដឹកបន្តលក់ឲ្យឈ្មួញធំៗនៅក្នុងខេត្តតែសមត្ថកិច្ចមេព្រៃស្ទូចយកតែ១២ដុំនៅសល់៣ដុំដែលមានមុខកាត់ចាប់ពី០,៥០ទៅ០,៦០ដែលមានចំនួនប្រមាណជា២ម៉ែត្រត្រីគុណ ឈើទាំង៣ដុំនោះសង្ស័យមេព្រៃទុកដោះស្រាយបញ្ហាចំពោះមុខ ហើយមើលទៅ?
ពាក់ព័ន្ឋនឹងការស្ទូចឈើមិនអស់នេះដែរលោកផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺបានប្រាប់តាមទូរស័ព្ទថា”តាមសេចក្តីរាយការណ៍គឺក្រុមការងារប្រាប់ថានៅឆ្ងាយពីគំនរ ហើយឡានក៏ជាប់ផុងទៀតខ្សែកាប្លិ៍អត់ដល់ទើបទុកចោលនៅទីនោះតែម្តង។លោកនាយខណ្ឌបន្តថាតាមក្រុមការងាររាយការណ៍គឺថាឈើនៅសល់១ដុំមិនមែន៣ដុំនោះទេ រឿងនេះចាំមើល លោកសួរនាំម្តងទៀត” ។
ដោយឡែកលោកសុខ សុខុន វិញនៅពេលអ្នកយកព័ត៌មានសួរនាំពីបញ្ហានេះបានរអ៊ូរទាំថា”សុំកុំសន្សំរឿងខ្លាំងពេក” ដំបូងឡើយលោកថាឈើសល់១ដុំដោយសារនៅឆ្ងាយពេក។តែនៅពេលអ្នកព័ត៌មានយើងបញ្ជាក់ថាតាមក្រុមអ្នកយកព័ត៌មានពិនិត្យឃើញមាន១៥ដុំ ទើបលោកសុខ សុខុនឆ្លើយថានៅសល់៣ដុំពិតមែន ។
មានការលើកឡើងថា បញ្ហានេះដែរ លោកឈៀង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តដែលជាអាណាព្យាបាលរបស់ជំនាញរដ្ឋបាលព្រៃឈើល្មមដល់ពេលធ្វើការត្រួតពិនិត្យមន្ត្រីក្រោមឱវាទម្តងហើយជាពិសេសមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋសង្កាត់ គិរីវ័ននិងសង្កាត់រដ្ឋបាលព្រៃឈើត្រែង ត្រយឹងព្រោះមិនដែលឃើញចុះបង្ក្រាបបទល្មើសដោយឆន្ទៈម្តងណាឡើយទាល់តែមានសេចក្តីរាយការណ៍ទើបស្វះស្វែងចុះទៅហើយបើទៅវិញគឺទៅទាំងទើសទាល់ទាំងចិត្តមិនចង់ ៕ សេនាស័ក្តិ