សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចនគរបាលទាំងអស់ដកប៉ុស្តិ៍កុងត្រូលគ្រប់ទីកន្លែង ពោលមិនមានការយកប្រាក់ពីអ្នករកស៊ីនោះឡើយ។ ប៉ុន្តែលោកចាន់ សុធាមន្ត្រីនគរបាលសេដ្ឋកិច្ចដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចគ្រាមុនដាក់ឲ្យទៅប្រចាំការចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ និងដឹកឈើនៅខេត្តបាត់ដំបងពេលនេះត្រូវគេរាយការណ៍ថានៅតែបន្តប្រើសហសេវិករបស់ខ្លួនយកប្រាក់ពីរថយន្តដឹកទំនិញដដែល។
គេរាយការណ៍ថា កម្លាំងនគរបាលរបស់លោកចាន់ សុធាបានឈរជើងតាមបន្ទាត់ព្រំដែនខ្មែរ-ថៃក្នុងខេត្តបាត់ដំបងដើម្បីយកប្រាក់ពីទំនិញចេញ-ចូលជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះរថយន្តដឹកទំនិញដែលបានបង់ប្រាក់ឲ្យសមត្ថកិច្ចហើយនោះ ក៏ត្រូវទាក់ទងលោកចាន់ សុធាតាមទូរស័ព្ទដើម្បីបង់ប្រាក់មួយជាន់ទៀត។ ប្រភពរាយការណ៍ថា ទោះបីជាបទបញ្ជាក្រសួងមហាផ្ទៃដាក់ចុះយ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះលោកចាន់ សុធានៅតែអាចប្រមូលលុយពីពួកឈ្មួញរកស៊ីបានដោយស្រួលជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនបង់ប្រាក់ឲ្យទេ មុខជាត្រូវទទួលរងការគំរាមចាប់ជាមិនខាន។ ដូច្នេះឈ្មួញអ្នករកស៊ីត្រូវតែបង្ខំចិត្តបង់ប្រាក់ឲ្យលោកចាន់ សុធាមិនអាចខ្វះបាន។
វាក្លាយទៅជាបញ្ហាបោកតគ្នាពីព្រោះថ្នាក់ដឹកនាំនាយកដ្ឋានមិនដឹងថាលោកចាន់ សុធានៅបន្តយកលុយបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ក្រោមផ្លាកនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនោះឡើយ។ គ្រាមុនលោកចាន់ សុធាបានបង់ប្រាក់ទៅឲ្យនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចតាមការកំណត់។ ប៉ុន្តែពេលនេះ ក្រោមលេសបំបាត់កុងត្រូលជជុះមានន័យថាលោកចាន់ សុធាមិនបានរកប្រាក់ទៀតទេ ដូច្នេះនាយកដ្ឋានក៏មិនតម្រូវឲ្យបង់ប្រាក់ដែរ។ ប៉ុន្តែការពិត គឺលោកចាន់ សុធាកំពុងតែកាកកបយ៉ាងសម្បើមជាងមុនទៅទៀត៕