ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីកូនរមិលគុណម្នាក់ បានទាញកាំបិតកាប់ទៅលើឪពុកបណ្តាលឲ្យរងរបួស ព្រោះតែខ្ចីទូស័ព្ទខលទៅកន្លែងធ្វើការមិនបាន ហើយក៏ត្រូវប្រជាការពារភូមិ និងប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ហេតុការណ៏មួយនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទៅព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះរតនៈ សម្បត្តិ អាយុ២០ឆ្នាំ មុខរបររត់តុកាហ្វេនៅហាងមួយក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកបុរសជាឪពុកដែលត្រូវបានកូនអកតញ្ញូម្នាក់នេះកាប់ឲ្យរបួសឈ្មោះស៊ុន ឡេង អាយុជាង៥០ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីររភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ យុវជនស្ទាវម្នាក់នោះបានខ្ចីទូរស័ព្ទពីឪពុក ដើម្បីខលទៅកាន់កន្លែងធ្វើការ ប៉ុន្តែខណៈនោះបុរសជាឪពុកមិនបានឲ្យខ្ចីនោះឡើយ បន្ទាប់មកគេបានសុំលុយទិញកាតបញ្ចូលទូរស័ព្ទផ្ទាល់ខ្លួន តែត្រូវបានឪពុកអត់ឲ្យទៀត ទើបជាហេតុធ្វើឲ្យជននោះមានការខឹងសម្បារ បានស្ដីថាឲ្យឪពុកនៅពាក្យសម្ដីគ្រោធគ្រាតផ្សេងៗ រហូតបង្កឲ្យមានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង។ ក្រោយពេលពេលឃើញមានរឿងបែបនេះ យុវជនម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតរបស់គេ បានជួយខាងឪពុកដោយឈ្លោះជាមួយជននេះដែរ ហើយបានធ្វើឲ្យជននេះរឹតតែខឹងខ្លាំងឡើងថែមទៀត រួចក៏បានទាញកាំបិតបុ័ងតោកាប់ឪពុក បណ្ដាលឲ្យរងរបួសតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនដៃដល់ប្រុងរត់គេចខ្លួន ប៉ុន្តែរត់មិនរួចទេ ត្រូវបានប្រជាការពារនិងប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានរួចបានប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសួរនាំចាត់ការតាមច្បាប់ ចំណែកបុរសជាឪពុកក៏បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលចាត់ការកូនប្រុសរូបនេះតាមច្បាប់៕ សុខាសែនជ័យ