ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់សម្រាលកូននៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ បណ្តាលឲ្យស្លាប់ សង១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈត្រូវក្រុមគ្រួសារបញ្ជូនទៅសម្រាកដើម្បីសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពម៉ានី ក្រុងតាខ្មៅ ។ ករណីនេះ ប្រភពក្រៅផ្លូវការបានខ្សឹបថា ខាងមន្ទីរពេទ្យនេះបានទទួលស្គាល់កំហុសរបស់ខ្លួនដែលអសមត្ថភាពបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ដោយព្រមសងសំណងជាទឹកប្រាក់១ម៉ឺនដុល្លារដល់ក្រុមគ្រួសាររងគ្រោះដើម្បីបញ្ចប់រឿង។

ករណីខាងលើនេះ ក៏ជាសារយ៉ាងសំខាន់ផងដែរដល់សាធារណជន មុននឹងបញ្ជូនអ្នកជំងឺ ឬស្ត្រីដែលមានគភ៌គ្រប់ខែចូលទៅសម្រាកព្យាបាល ឬសម្រាលបុត្រនៅមន្ទីរពេទ្យសម្ភពមួយនេះ។

ករណីសម្រាលបុត្របណ្តាលឲ្យស្លាប់ម្តាយនៅមន្ទីរពេទ្យសម្ភពម៉ានី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១៩និង៥០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ។

សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រឿន ដានី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វធៀបការ
មានស្រុកកំណើតភូមិកំពង់ព្រឹង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចដដែលបញ្ជាក់ថា តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈោ្មះឆាយ សោភណ្ឌ័ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ បានអោយដឹងថា: នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជនរងគ្រោះបានប្រាប់ម្តាយថា ឈឺពោះ(ឆ្លងទន្លេ) ហើយក៏បានរៀបចំឥវ៉ាន់ដើម្បីមកសម្រាលកូននៅមន្ទីរពេទ្យសម្ភពម៉ានី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លុះពេលមកដល់ ក៏បានយកជនរងគ្រោះចូលក្នុងបន្ទប់ លោកគ្រូពេទ្យ ក៏បានដាក់សេរ៉ូមអោយជនរងគ្រោះបានប្រហែលមួយសន្ទុះ ជនរងគ្រោះក៏បានឈឺពោះបែកទឹកភ្លោះ ហើយគ្រូពេទ្យ ក៏បានចាប់ផ្តើមយកជនរងគ្រោះឡើងលើគ្រែដើម្បីសម្រាលកូន ។ ប្រភពបន្តទៀតថា ជនរងគ្រោះខំប្រឹងកើតទារកចេញមកហើយទារកក៏សន្លប់ គ្រូពេទ្យជួយសង្គ្រោះទារករួចហើយក៏ជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែធ្លាក់ឈាមច្រើន ពេលនោះជនរងគ្រោះមានអារម្មណ៍ថប់ទ្រូង គ្រូពេទ្យក៏បានជួយសង្គ្រោះសង្កត់ទ្រូង ប៉ុន្តែជនរងគ្រោះក៏បានស្លាប់បាត់ទៅហើយ។

បន្ទាប់មក ក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះមកត្រួតពិនិត្យ ហើយបានសន្និដ្ឋានដូច្នេះថា៖ តាមការពនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាល និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ក្រុងតាខ្មៅ លោកគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះសម្រាលកូនមានធ្លាក់ឈាមច្រើនបណ្តាយឲ្យស្លាប់ ។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖