ភ្នំពេញៈ ស្របពេលដែលប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដែលសមិទ្ធិផលទាំងអស់នេះកើតចេញពីការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលតែមួយក្រោមដំបូលសន្តិភាពនិងមានស្ថេរភាពនយោបាយ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រាប់ប្រជាពលរដ្ឋថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាពនិងស្ថេរភាពនយោបាយ ជារៀងរហូត កុំជឿតាមការញុះញុងរបស់ជនអគតិដែលមានចេតនាបំពុលបរិយាកាសសង្គមដោយមានបរទេសនៅពីក្រោយខ្នង ។
មានមតិក្នុងន័យជំរុញទឹកចិត្តប្រជាពលរដ្ឋឲ្យយល់ពីគុណតម្លៃនៃសន្តិភាពនេះត្រូវបានលោកអភិបាលខណ្ឌថ្លែងនៅក្នុងពិធីចែកអំណោយមនុស្សធម៍ដល់ប្រជាពលរដ្ឋជាង២០០នាក់ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះបានមកពីសប្បុរសជនសមាគមន៍ចិនផ្តល់ជូនដល់អាជ្ញាធរដើម្បីចែកដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ហើយត្រូវបានក្រុមការងារសាលាខណ្ឌដឹកនាំដោយអភិបាលខណ្ឌ លោកចេង មុនីរ៉ា រួមជាមួយម្ចាស់ជំនួយយកមកចែកជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ដៃនៅក្នុងបរិវេណវត្តមុន្នីសាគរ ស្ថិតក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ក្នុងនោះគ្រួសារនីមួយៗទទួលបាលមី១កេស មីសួរ២ដុំ ទឹកត្រី និងថវិការ៥០០០រៀល ។
នៅចំពោះប្រជាពលរដ្ឋជាង២០០នាក់លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងដូច្នេះថា កន្លងមកមានការយឺតយ៉ាវលើការផ្តល់សេវ៉ាសាធារណៈដូចជាឯកសារសៀវភៅស្នាក់នៅ ឯកសារអត្រានុកូលដ្ឋាន ឯកសារផ្ទេរសិទ្ធដីធ្លី និងឯកសារមួយចំនួនទៀត ។ បញ្ហានេះសូមបងប្អូនយោគយល់ដល់ក្រុមការងារព្រោះឯកសារមួយចំនួនមានភាពសាំញ៉ាំបន្តិច ដោយសារកន្លងមកសង្កាត់ចំនួន៤ត្រូវបានកាត់ចេញពីការគ្រប់គ្រងរបស់រដ្ឋបាលស្រុកកៀនស្វាយ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ។
ចាប់ពីពេលនេះតទៅរដ្ឋបាលខណ្ឌនិងពន្លឿនការងារចុះធ្វើសៀវភៅស្នាក់នៅថ្មី និងឯកសារអត្រានុកូលដ្ឋាន ដល់ប្រជាពលរដ្ឋឲ្យមកស្ថិតក្រោការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌច្បារអំពៅតែមិនអាចកែប្រែឯកសារថ្មីនេះឲ្យខុសពីឯកសារដើមឡើយ គឺរក្សាទៅតាមឯកសារដែលមានស្រាប់គ្រាន់តែប្តូរពីស្រុក មក ខណ្ឌប៉ុណ្ណោះ ។
រាល់ការធ្វើឯកសារផ្សេងៗសូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវ៉ាដោយខ្លួនឯង កំពឹងអ្នកដទៃព្រោះឯកសារខ្លះមិនតម្រូវឲ្យបង់លុយនោះទេ ដូចជាសេចក្តីចម្លងលិខិតអត្រានុកូលដ្ឋាន ការធ្វើសៀវភៅស្នាក់នៅ ដោយឡែកឯកសារផ្ទេកម្មសិទ្ធដីធ្លីគឺត្រូវតែបង់ទៅតាមគោលការកំណត់ បើមន្ត្រីណាយកលុយខុសពីគោលការណែត្រូវផ្តល់ពត៍មានមកលោកភ្លាមដើម្បីមានវិធានការ ។
លោកអភិបាលខណ្ឌបានបន្តថា ដោយមានការគិតគូខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលពីបញ្ហាប្រឈមរបស់កម្មករ កម្មការិនីដែលធ្វើការនៅតាមរោងចក្រ ចាប់ពីថ្ងៃនេះតទៅរហូតដល់ចុងឆ្នាំ២០១៩ កម្មករ កម្មាការិនី ទាំងអស់ធ្វើដំណើរតាមរថយន្តក្រុងមិនត្រូវបង់ថ្លៃនោះឡើយ ចំពោះការប្រើប្រាស់ទឹក ភ្លើង ក៍ត្រូវបញ្ចុះតម្លៃទៅតាមបរិមាណនៃការប្រើប្រាស់ផងដែរ ។
មួយផ្នែកទៀតបន្ទប់ជួលស្នាក់នៅក៍មិនត្រូវតម្លើងថ្លៃដែរស្របពេលដែលប្រាក់ខែគោលរបស់កម្មករ កម្មការិនី ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចតម្លើងដល់១៧០ដុល្លារក្នុង១ខែនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អ្វីៗដែលមាននៅថ្ងៃនេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសរហូតទទួលបានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។
អ្វីដែលជាកត្តាសំខាន់ដើម្បីជំរុញឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀតនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានស្ថិតស្ថេររៀងរហូត កុំជឿតាមការញុះញុងរបស់ក្រុមជនមួយចំនួនដែលមានបរទេសនៅពីក្រោយខ្នង ដូចបងប្អូនធ្លាប់ដឹងធ្លាប់ឃើញស្រាប់ហើយនៅក្នុងទសវត្សឆ្នាំ១៩៧០ ខ្មែរពឹងបរទេសឈានដល់កើតសង្គ្រាមសម្លាប់ជនជាតិខ្មែររាប់លាននាក់ អាមេរិកទម្លាក់គ្រាប់បែករាប់លានតោន មកដល់ថ្ងៃនេះគ្រាប់បែកដែលសល់ពីសង្គ្រាមអាមេរិក មិនទាន់អត់ពីក្នុងដីកម្ពុជានៅឡើយទេ ដូច្នេះគ្មានអ្នកណាជួយខ្លួនយើងក្រៅពីខ្លួនយើង ជួយខ្លួនយើងនោះឡើយ ខ្មែរត្រូវតែស្រលាញ់ខ្មែរ ខ្មែរត្រូវតែជួយខ្មែរ ៕ សណ្តោស