ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនធ្លាក់ចូលលូស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះ១គ្រឿងបោះពួយយ៉ាងលឿន ធ្លាក់ចូលលូដែលនៅចំកណ្តាលផ្លូវហើយពុំមានគម្របត្រឹមត្រូវបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣B ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលីសនិយាយថា ជនរងគ្រោះមានឈ្មោះ ឃឿន សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតជុំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក ស៊ុយសុីគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ ១D២០៣៧ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ
រងគ្រោះជិះម៉ូតូ១គ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ១៣B ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវទើបនិងធ្វើហើយមានស្ថានភាពងងឹត ហើយមានមាត់លូទំហំប្រហែលមួយម៉ែត្រកន្លះបួនជ្រុងនៅចំកណ្តាលផ្លូវ និងពុំមានគម្របគ្របបិតឬស្លាកសញ្ញាសំគាល់អ្វីនោះទើប បណ្តាលឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៍ធ្លាក់ចូលក្នុងលូ
ទាំងម៉ូតូនិងអ្នកបើកបរ។

ភ្លាមនោះក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាចុះស្របុរសរងគ្រោះ និងម៉ូតូយកមកខាងលើ តែជាអកុសល ខណៈដែលប្រជាពលរដ្ឋយកមកដល់ខាងលើបុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បើតាមសម្តីបញ្ជាក់ពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា កំណាតផ្លូវខាងលើនោះគឺបានធ្វើជិតកន្លះខែមកហើយ តែមិនឃើញមានមន្ត្រីរូបណាចុះមកត្រួតពិនិត្យធ្វើគម្របលូបិតឲ្យបានត្រឹមត្រូវនោះទេ ទើបបង្កឲ្យមានដូចករណីខាងលើ។

ក្រោយពេលកើតហេតុម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសែនសុខរងចាំសាច់មកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ ដោយឡែកសពបុរសរងគ្រោះត្រូវបានរថយន្តដឹកដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕ តុង សីហា


ចែករំលែក៖