ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនយុវជន២នាក់ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងដកម៉ូតូ១គ្រឿង ប្រតិបត្តិការនេះធ្វើឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងនគរបាលទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ពេលដែលចុះល្បាត ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា CUP ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1E-2101 ហើយក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យទើបតែមកពីទិញ ភាគច្រើន ដើម្បីយកទៅប្រើប្រាស់។

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទី១-ហ៊ុយ ម៉ាប់ ២០ឆ្នាំ មុខរបរផ្សារដែក ស្នាក់នៅភូមិស្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ទី២-ឈ្មោះ ជឹម ប៊ុនលាង អាយុ២២ឆ្នាំ មុខរបរផ្សារដែកដូចគ្នា ស្នាក់នៅភូមិបឹងទីង ឃុំទងតាឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖