ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បាន៣នាក់កំពុងសួរចម្លើយ ម៉ូយតេមករកទិញថ្នាំ ចាប់បានម្នាក់ទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន ០៣ នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងសួរចម្លើយមានជនសង្ស័យម្នាក់ទៀតខលមករកទិញថ្នាំ ក៏ឃាត់ខ្លួនបានម្នាក់ទៀត ដែលហេតការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១១និង០៥នាទីព្រឹក ស្ថិតនៅចំណុច ចំការស្វាយ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឱ្យដឹងថា ដំបូងឡើយកម្លាំងជំនាញ នៃអធិការដ្នាននគរបាលស្រុកគីរីវង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ បានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ០៣ នាក់ ដែលទី១ឈ្មោះ សុខ ចន្នី ភេទប្រុស អាយុ២៩ឆ្នាំ (មុខសញ្ញាជួញដូរ) នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ទី២ ឈ្មោះ ង៉ែត ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ (ប្រើប្រាស់)រស់នៅភូមិ-ឃុំ ជាមួយគ្នា ទី៣ ឈ្មោះ សៅ ឆេកូ ភេទប្រុស អាយុ៣១ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិ-ឃុំ ជាមួយគ្នា។

លោកអធិការបានបន្តរទៀតថា ខណៈដែលសមត្ថកិច្ចកំពុងសាកសួរ ក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ ផាន រ៉ាយ៉ាប់ បានហៅទូរស័ព្ទមកឈ្មោះ សុខ ចន្នី ដើម្បី ទិញថ្នាំចំនួន០១កញ្ចប់ ស្មើនឹង៤០.០០០រៀល ក្នុងពេលនោះសមត្ថកិច្ច ក៏បានប្រើល្បិចណាត់អោយជនសង្ស័យមកជួប នឹងទិញ ថ្នាំញៀន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ផាន រ៉ាយ៉ាប់ នៅចំណុចចំការស្វាយ នៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក wave ចំនួន០១គ្រឿង ស្លាកលេខវៀតណាម 67H1:8334 ដាវសាំមូរ៉ៃ១ដើម កាំបិតក្រង៉ុក់០១ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និង ស្វែងរកចាប់មេក្លោងមកផ្តន្ទាទោសចំពោះមុខច្បាប់ ៕ ភ្នំដា


ចែករំលែក៖