សារព័ត៌មាន AFPបានផ្សាយថា ទូកដឹកជនភៀសខ្លួនរ៉ូហីនយ៉ា បានលិច កាលពីយប់ថ្ងៃទី៨ ខែតុលា នៅទន្លេ Naf ជាបន្ទាត់ព្រំដែន រវាងមីយ៉ានម៉ា នឹងបង់ក្លាដែស ធ្វើឲ្យជនភៀសខ្លួន១២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ភាគច្រើនគឺជាកុមារ។
មន្ត្រីយោធា មកពីកម្លាំងការពារព្រំដែនសមុទ្ររបស់ប្រទេសបង់ក្លាដែសបានឲ្យដឹងថា ទូកដែលលិចនោះ គឺដឹកលើសចំណុះ ដោយមានជនភៀសខ្លួនជាង ១០០នាក់។
លោក Abdul Jalil មកពីកម្លាំង ការពារជាតិបង់ក្លាដែសបានឲ្យដឹងថា សាកសព ១២នាក់ត្រូវបានរកឃើញក្នុងនោះមានកុមារដល់ទៅ១០នាក់ ក្រោយកម្លាំងយោធាព្យាយាមរុករកពេញមួយយប់កន្លងមក។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាសោកនាដកម្ម ថ្មីសម្រាប់ជនជាតិរ៉ូហីនយ៉ា ក្រោយពេលដែល បានខិតខំភៀសខ្លួនចេញពីអំពើហិង្សានៅរដ្ឋរ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស។
ពាក់ព័ន្ធនឹងស្ថានភាពហិង្សានៅរដ្ឋរ៉ាឃីន ក្រុមឧទ្ទាមទ័ពព្រៃដើម្បីរ៉ូហ៊ីនយ៉ាបានបង្ហាញជំហរចង់ចូលរួមដោះស្រាយដើម្បីភាពធូរស្រាលឡើងវិញ នៅរដ្ឋរ៉ាឃីន។ កាលពីមួយខែមុន ពួកឧទ្ទាមទ័ពព្រៃ ឈ្មោះថា កម្លាំង រំដោះរ៉ូហ៊ីនយ៉ា នៅអារ៉ាខានបានប្រកាសជាឯតោភាគី បទឈប់បាញ់ រយៈពេលមួយខែដើម្បីសម្រួលដល់ការផ្តល់ជំនួយ មនុស្សធម៌ ដល់ជនជាតិភាគតិចរ៉ូហ៊ីនយ៉ា ដែលបានរត់គេចចេញពីអំពើហិង្សានៅរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា។
បទឈប់បាញ់ប្រកាស ជាឯកតោភាគី ដោយពួកឧទ្ទាម រំដោះរ៉ូហ៊ីនយ៉ា ហៅកាត់ថា ARSA នឹងត្រូវចប់ នៅយប់ថ្ងៃចន្ទ ។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមឧទ្ទាមរ៉ូហ៊ីនយ៉ាដែលប្រយុទ្ធតទល់នឹងកងទ័ពមីយ៉ាន់ម៉ា តាំងពីខែសីហា បានបង្ហាញថា ក្រុមខ្លួន ត្រៀមខ្លួន ដើម្បី ចូលរួមបន្ធូរបន្ថយភាពតានតឹង នៅរដ្ឋរ៉ាឃីន ទៅតាមវិធានការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ប៉ុន្តែក្រុមឧទ្ទាមរ៉ូហ៊ីនយ៉ាបានបញ្ជាក់ដែរថា ក្រុមខ្លួននឹងនៅតែប្តេជ្ញាធ្វើសកម្មភាពដើម្បីបញ្ឈប់រាល់ការបង្ក្រាប និងនយោបាយសង្កត់សង្កិនទៅលើជនជាតិរ៉ូហ៊ីនយ៉ា។
អាជ្ញាធរមីយ៉ាន់ម៉ានៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងការប្រកាសរបស់ក្រុមឧទ្ទាមនេះទេ។ ប៉ុន្តែ កាលពីមួយខែមុន នៅក្រោយការប្រកាសបទឈប់បាញ់ ជាឯកតោភាគីដោយឯកឯងរបស់ក្រុមឧទ្ទាម ARSA អ្នកនាំពាក្យរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានលើកឡើងហើយថា រដ្ឋាភិបាលគ្មាននយោបាយចរចាជាមួយ ពួកភេរវជននោះទេ។
កងទ័ពមីយ៉ាន់ម៉ាបានចាត់ទុកពួកឧទ្ទាមរ៉ូហ៊ីនយ៉ាថា ជាក្រុមភេរវជន ដែលបានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសមីយ៉ាន់ម៉ាជាច្រើនកន្លែង នៅរដ្ឋរ៉ាឃីន នៅថ្ងៃទី ២៥ សីហាកន្លងទៅ។ តាំងពីពេលនោះមក កងទ័ពមីយ៉ាន់ម៉ាបានបើកការបង្រ្កាបតបវិញ រហូតធ្វើឲ្យកើតផ្ទុះជាអំពើហិង្សាដែលជាដើមហេតុនៃការរត់ភៀសខ្លួនរបស់ប្រជាជនរ៉ូហ៊ីនយ៉ារាប់ម៉ឺននាក់ពីរដ្ឋរ៉ាឃីនទៅប្រទេសបង់ក្លាដែស ដែលមានព្រំដែនជាប់មីយ៉ាន់ម៉ា។
រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ដឹងច្បាស់ពីសមាសភាពចំនួនសមាជិករបស់ក្រុមឧទ្ទាមរ៉ូហ៊ីនយ៉ានោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅខែមីនា ដើមឆ្នាំនេះ ប្រធានរបស់ចលនាដើម្បីរំដោះជនជាតិរ៉ូហ៊ីនយ៉ា ARSA បានអះអាងថា ចលនានេះ ត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិរបស់អ្នកកាន់សាសនាអ៊ីស្លាម និងគ្មានបំណងទាក់ទាញជាមួយក្រុមអង្គការអ៊ីស្លាមបរទេសនោះទេ៕ ម៉ែវ សាធី