ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យប់នេះ ឈ្មួញត្រៀមទម្លាក់ឈើដាក់ទូកឆ្លងទៅវៀតណាមតាមច្រកក្បាលពោធិ៍

ចែករំលែក៖

ទូកធំៗចំនួន២គ្រឿងរបស់វៀតណាមបានមកចតរួចជាស្រេចនៅចំណុចកំពង់ដរក្បាលពោធិ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ ដើម្បីទទួលឈើពីទឹកដីកម្ពុជាឆ្លងទៅប្រទេសវៀតណាមសម្រាប់យប់នេះ គឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។

ប្រភពនៅទីនោះបានបង្ហើបថា ជាទម្លាប់ឲ្យតែទូកធំៗរបស់ឈ្មួញវៀតណាមមកចតនៅកំពង់ដរក្បាលពោធិ៍ គឺពេលយប់ប្រាកដជាមានរថយន្តយីឌុប មានរថយន្តឃ្លុបដឹកឈើប្រណីតមកកាន់កំពង់ដរនេះយ៉ាងយូរត្រឹមអំឡុងម៉ោង៨ទៅម៉ោង៩យប់ ដើម្បីផ្ទេរឈើពីរថយន្តដាក់លើទូកវៀតណាមប្រើរយៈពេលម្តងទៅ៤ទៅ៥ម៉ោង ទើបម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ឈ្មួញវៀតណាមនឹងដឹកឈើទាំងនោះតាមទូកឆ្លងទៅវៀតណាមយ៉ាងរលូន។

សកម្មភាពចរាចរណ៍ឈើល្មើសច្បាប់រហូតដល់ឈាននាំចេញតាមច្រកក្បាលពោធិ៍ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផងដែរទទួលស្គាល់យ៉ាងច្បាស់ថា មានតែលោកឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ ទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច ត្រូវជាបងបង្កើតរបស់លោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ គឺជាអ្នកចេញមុខរត់ការឲ្យមានសកម្មភាពចរាចរណ៍ឈើល្មើសច្បាប់ឆ្លងទៅវៀតណាមតាមរយៈការបែងចែកប្រាក់ និងសំណូកទៅកាន់សមត្ថកិច្ច អាជ្ញាធរ និងជំនាញជាច្រើនស្ថាប័ន ក្នុងនោះ សូម្បីតែទូកធំៗពីរគ្រឿងមកចតរួចជាស្រេចនៅកំពង់ផែក្បាលពោធិ៍ ក៏គេដឹងថា លោកឡាយ ណារិទ្ធ បានរត់ការរួចជាស្រេច ដើម្បីឲ្យមានការដឹកជញ្ជូនឈើ ចេញពីខេត្តតាកែវ ឬចេញពីខេត្តកំពង់ស្ពឺឆ្ពោះទៅចំណុចកំពង់ផែក្បាលពោធិ៍បន្តលើកដាក់ទូកនាំចេញទៅប្រទេសវៀតណាម។

គេបានបង្ហើបថា សព្វថ្ងៃនេះមានឈ្មួញឈ្មោះ ណុប ឌី នៅខេត្តកំពង់ស្ពឺ និងធ្លាប់បានសមត្ថកិច្ចបង្ក្រាបជាញឹកញាប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទធ្នង់ ម្រេញ សុក្រំ ចេញពីខេត្តកំពង់ស្ពឺយកមកទុកនៅឃ្លាំងមួយកន្លែងក្នុងខេត្តតាកែវ ដើម្បីនាំចេញទៅវៀតណាមតាមច្រកក្បាលពោធិ៍ តាមរយៈលោកឡាយ ណារិទ្ធ ស្នងការរងខេត្ត និងជាបងបង្កើតរបស់លោកអភិបាលខេត្តជាអ្នកចេញមុខរត់ការ។ ចំពោះសកម្មភាពដឹកឈើរបស់ណុប ឌី ក៏គេលួចទម្លាយថា មានសមត្ថកិច្ចមួយរូបដែលមានតួនាទីជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នករាប់ក្បាលឡានឈើយកលុយបានចូលហ៊ុនរកស៊ីជាមួយឈ្មោះ ណុប ឌី នេះយ៉ាងគឃ្លើននឹងច្បាប់ និងរំលោភទំនុកចិត្តថ្នាក់លើ ពិសេសយកតួនាទីរបស់ខ្លួនជាអ្នកបង្ក្រាបបទល្មើសធនធានធម្មជាតិ ដាក់ហ៊ុនខ្យល់រកស៊ីដឹកឈើជាមួយឈ្មួញ ណុប ឌី យ៉ាងព្រហើន និងកំពុងមានមោទនភាពបំផុត ខណៈខ្លួនដេកសប្បាយ ស៊ីចាយទទួលបានប្រភពសេដ្ឋកិច្ចពីបទល្មើសព្រៃឈើ។

ដំណឹងខាងលើនេះ គួរណាស់តែអាជ្ញាធរខេត្តតាកែវ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវចាត់វិធានការ ស៊ើបអង្កេត ថា តើយប់នេះ ឈ្មួញអាចធ្វើសកម្មភាពដូចសព្វមួយដងទេ បើជាទម្លាប់ ឲ្យតែទូកវៀតណាមចូលចតនៅកំពង់ផែក្បាលពោធិ៍ គឺត្រៀមចាំដឹកឈើ ដែលនឹងត្រូវទៅដល់នៅពេលយប់។ ក្នុងនោះ ប្រជាពលរដ្ឋបានអះអាងថា ការលើកឈើពីឡានដាក់ទូក ប្រើរយៈពេល៤ទៅ៥ម៉ោង និងបង្កសំឡេងលាន់ឮកងរំពងដោយក្រុមកម្មករ សំឡេងរថយន្តស្ទួច និងលាន់លឺការទម្លាក់ឈើសឹងតែអ្នកភូមិនៅទីនោះទទួលទានដំណេកមិនបាន។ ដោយឡែក សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានស្រុកទ្រាំង មិនហ៊ានរំខានប៉ះពាល់ បង្ក្រាប រាយការណ៍ទៅថ្នាក់លើនោះឡើយ ខណៈលោកឡាយ ណារិទ្ធ ស្នងការរង និងត្រូវជាបងបង្កើតរបស់លោកអភិបាលខេត្តតាកែវមានអំណាចពង្រីកឥទ្ធិពល និងមានការគំរាមកំហែងផងដែរ ទៅកាន់អាជ្ញាធរសមត្ថកិច្ច មន្ត្រីជំនាញមួយចំនួន ប្រសិនបើហ៊ានរំខានចំពោះសកម្មភាពការដឹកជញ្ជូនឈើរបស់ឈ្មួញឆ្លងកាត់ទឹកដីខេត្តតាកែវនាំចេញទៅប្រទេសវៀតណាមនោះ ៕

 

 


ចែករំលែក៖