ភ្នំពេញ៖ លោកស្រី សែម សក្តិកូឡា ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល ចេញដីកាបង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឱ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។
ដីកាបង្គាប់ឱ្យដាក់ឯកសារត្រៀមរបស់ចៅក្រមតុលាកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា “បង្គាប់មកប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការនៅអាសយដ្ឋានផ្ទលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលភ្ជាប់ជាមួយនេះ ជូនតុលាការកំពូលក្នុងអំឡុងពេល ២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ ពោលគឺថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ “ ។
គួរបញ្ជាក់ថា ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលហើយ នៅវេលាម៉ោង១២ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិ បាន និងកំពុងអនុវត្តផែនការដោយ ឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
សំដីផ្ទាល់ខ្លួនរបស់លោក កឹម សុខា ក្នុងឋានៈថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ នៅក្នុងវីដេអូឃ្លីបទាំង៣ ដែលយើងរកឃើញនេះ គឺជាភស្តុតាងដ៏រឹងមាំផង និងជាសក្ខីកម្មដ៏ច្បាស់លាស់ដែលមិនអាចប្រកែកបាន អំពីផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់បដិវត្តពណ៌ ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្រ្គោះជាតិ រួមនិងអង្គការមិនមែនរដ្ឋាភិបាល និងបរទេសមួយចំនួនជ្រកក្រោម ទិសស្លោកនយោបាយភូតកុហកបោកប្រាស់ គឺ «ការផ្លាស់ប្តូរជាវិជ្ជមាន» ការញុះញង់បំផ្លើសដើម្បីបំផុសចលនាប្រជាជនក្រោមស្លាកសិទ្ធិមនុស្ស និងស្លាកប្រជាធិបតេយ្យ ព្រមទាំងការចោទប្រកាន់ដោយមិនត្រឹមត្រូវខុសពីការពិតជាក់ស្តែងគ្រប់ពេលវេលាថា រដ្ឋអំណាចបច្ចបុប្បន្ន ជារដ្ឋអំណាចផ្តាច់ការ ដើម្បីបង្កើតជាលេសសម្រាប់ការធ្វើបដិវត្តពណ៌ ក្នុងខណៈពេលដែលរដ្ឋអំណាចស្របច្បាប់បច្ចុប្បន្ន កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបក្ស តាមរយៈការចាត់តាំងឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ក្រោមសុខសន្តិភាពពេញបរិបូរណ៍ និងក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងពាក្យបណ្តឹងបានបន្តរៀបរាប់ថា៖ សកម្មភាពខុសច្បាប់ជាច្រើន ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្រ្គោះជាតិ គឺមានភាពស៊ីចង្វាក់គ្នាទៅនឹង ផែនការសម្ងាត់នៃការធ្វើបដិវត្តពណ៌ ដូចសំដីរបស់លោក កឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាចប្រកែកបាន ក្នុងនោះរួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាលជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា។
បន្ថែមលើវីដេឃ្លីបទាំង៣ខាងលើ នៅមានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិ ក្រៅពីផែនការឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ គណបក្សនេះ ក៏មានចំណងចំណុះឱ្យបរទេស និងក្រោមការបង្គាប់បញ្ជារបស់បរទេសផងដែរ ដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ចេស្តា