ភ្នំពេញ៖ នាយកសាលាអន្តរជាតិ ស្ទែមហ្វត បានបិទទ្វាររត់ចោលកូនសិស្សទួទាំងរាជធានី សង្ស័យក្ស័យធនដែលធ្វើ ឲ្យអាណាព្យាបាលសិស្សខាត់បង់លុយអស់រាប់ពាន់ដុល្លារក្នុងម្នាក់។
ហេតុការណ៍បិទទ្វារសាលានេះមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិគោកឃ្លាង និងទីតាំងមួយទៀត ស្ថិតនៅផ្លូវឧញ្ញ៉ា ម៉ុងរិទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបាន ឲ្យដឹងថា៖ គាត់មានកូនចូលរៀននៅសាលានេះ ៣នាក់ហើយបានបង់ថ្លៃសិក្សា និងសម្ភាររៀនសូត្រយរះពេល៣ខែអស់ទឹកប្រាក់ចំនួន២២៨២ដុល្លារ។
អ្នកស្រី ប៊ួយ បូរ៉ែន អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបាន ឲ្យដឹងថា៖ គាត់បានដាក់កូន ឲ្យចូលរៀននៅសាលានេះ៣នាក់ហើយបានបង់ថ្លៃសិក្សា និងសម្ភារអស់ប្រាក់ចំនួន៣៨០០ដុល្លារ ។ ដោយឡែកលោក ភៀក សារឹម អាយុ៣៨ឆ្នាំ ក៏បាន ឲ្យដឹងដែថា៖ គាត់មានកូនរៀននៅសាលានោះ១នាក់ ហើយគាត់បានបង់ថ្លៃសិក្សា និងសម្ភាររៀនសូត្រ១ថើម ចំណាយប្រាក់អស់ចំនួន២៣០ដុល្លារ។
ពួកគាតដែលជាអាណាព្យាបាលបាន ឲ្យដឹងថា មុនមានការភ្ញាក់ផ្អើលឡើងដោយសារតែនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ពួកគាត់បានដឹកកូនៗមកសាលាដូចសព្វដង ស្រាប់តែពេលមកដល់ឃើញសាលាបិទទ្វារអស់ ក៏មានការភ្ញាក់ផ្អើលតែម្តង និងរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យ។
ពាក់ព័ន្ធបញ្ហាសាលាអន្តរជាតិ ស្ទែមហ្វត បិទទ្វាររត់ចោលសិស្សនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា៖ បើតាមលោកទទួលបានព័ត៌មានថា៖ សាលាអន្តរជាតិ ស្ទែមហ្វត នេះបានបិទទ្វារទូទាំងរាជធានីនៅថ្ងៃនេះ ព្រោះនាយកសាលាប្រកាសថាក្ស័យធន ៕ តុង សីហា