ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកទាក់ខ្សែកាបទ្រេតបង្គោលភ្លើងមួយដើមសង្កត់រថយន្តមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកទាក់ខ្សែកាបបណ្តាលឲ្យទ្រេតបង្គោលភ្លើងមួយដើម សង្កត់លើរថយន្តកូរ៉េមួយគ្រឿង ដែលចតនៅក្បែរនោះរងការខូចខាត​ ហើយរថយន្តបង្កបើកគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ខាងត្បូងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា រថយន្តកុងតឺន័រ បើកតាមផ្លូវបេតុងពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ក៏បានទាក់ខ្សែកាបចម្រុះទាំងនោះដែលរាយកាត់ទទឹងផ្លូវ ទាញបាក់បង្គោលថ្ម មួយដើមសង្កត់ទៅលើរថយន្តហុីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ១តោន ពាក់ស្លាកលេខ ភ្នំពេញ 2I-0627 ដែលឈប់រង់ចាំដឹក កម្មកររោងចក្របណ្តាលឲ្យរងការខូចខាត ​ហើយរថយន្តបង្កបើករត់គេចទៅបាត់ ទុកឲ្យខ្សែភ្លើង ខ្សែកាបចម្រុះ ដាច់ធ្លាក់កាត់សន្ធឹងទទឹងផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ រថយន្តធុនធំមិនអាចឆ្លងកាត់បាន។

កំណាត់ផ្លូវដែលកកស្ទះរាប់ម៉ោងនេះ ទើបឃើញខាងអាជ្ញាធរ បានចាត់វិធានការ យកគ្រឿងចក្រ អេស្កាវ៉ាទ័រ មកលើកខ្សែកាបទាំងនោះ ដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្នសិន ដើម្បីការពារកុំឲ្យកកស្ទះចរាចរណ៍៕ សុខាសែនជ័យ


ចែករំលែក៖