ខេត្តព្រះសីហនុ៖ មេការជនជាតិចិនម្នាក់បានវាយតប់លើវិស្វករសំណង់ដោយសារ ទំនាស់រឿងមកទូទាត់ប្រាក់កាលពីប៉ុន្មានថ្ងៃមុននេះហើយមកដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែបែកធ្លាយមានអ្នករត់ការដើម្បីធានាឱ្យជនសង្ស័យនៅ ក្រៅឃុំបណ្តោះអាសន្ន ខណៈដែលបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងស្វែង រកចាប់ខ្លួន ។
សូមរំលឹកថា កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៧កន្លងទៅមានករណីប្រើអំពើហិង្សា មួយបានកើតឡើងនៅក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុរវាងជន ជាតិចិននឹងចិនដូចគ្នា បណ្តាលឲ្យជនរង គ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G3I 368954 មុខរបរវិស្វករសំណង់រងរបួស ធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯកជនសេតេ ។
បន្ទាប់ពីកើតហេតុលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាកម្លាំង ជំនាញស៊ើបអង្កេតស្រាវជ្រាវនិងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានម្នាក់ឈ្មោះ Fang Jinhua ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លង ដែនលេខ G28945277 មុខរបរជាមេការ សំណង់ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី១៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលបង្កឱ្យមានអំពើហិង្សាខាងលើនេះដោយសារតែជនរងគ្រោះបានទៅទារលុយភាគហ៊ុនសាងសង់ពីខ្លួនដែលជាមេការ បន្ទាប់មកក៏បានទាស់ពាក្យសម្តីគ្នា ហើយ ឈានទៅដល់ការប្រើហិង្សាតែម្តង។ ពេល វាយតប់គ្នានោះក្រុមខាងខ្លួនមានគ្នា៤-៥នាក់បានព្រួតគ្នាវាយទៅលើឈ្មោះ Lin Yongfei បណ្តាលឲ្យរងរបួសជាទម្ងន់ ។
គួរបញ្ជាក់ថា ឈ្មោះ FANG JINHUA ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្តង រួចមកហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៦កន្លងទៅពីបទបង្កហិង្សាប៉ុនប៉ង មនុស្សឃាតដែលផ្តើមចេញពីរឿងស្រដៀងគ្នានេះដែរគឺមិនបើកលុយឲ្យកម្មករហើយដេញកាប់កម្មកររត់ចូលដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទើបត្រូវសមត្ថ កិច្ចចាប់ខ្លួន ប៉ុន្តែបន្ទាប់ពីចេញពីគុករូបគេ មិនរាងចាលទេបែរជាប្រព្រឹត្តអំពើហិង្សាទៀត ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបង្ហើបប្រាប់ថា ជនសង្ស័យជនជាតិចិន ម្នាក់នេះមានគេកំពុងរត់ការដើម្បីសម្រួល ឱ្យក្រៅឃុំបណ្តោះអាសន្ន ខណៈដែល សមត្ថកិច្ចជំនាញកំពុងតាមចាប់បក្ខពួក បន្តទៀតនោះ៕ ឆ្លាមសមុទ្រ