ខេត្តតាកែវ៖ ពលរដ្ឋរស់នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវបានសម្ដែងការសោកស្ដាយចំពោះក្រុមហ៊ុនតុងលីហ៊ួ ដេញបានគម្រោងមូលនិធិឃុំ-សង្កាត់ ស្ថាបនាផ្លូវ លំមួយខ្សែប្រវែងជាង២.០០០ម៉ែត្រតែពុំមានបទដ្ឋានបច្ចេកទេស (ស្ដង់ដារ)និង គុណភាពធ្វើឲ្យបាត់បង់ថវិកាជាតិជាច្រើនលានរៀល ។
កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ផ្លូវលំមួយខ្សែប្រវែងជាង ២.០០០ម៉ែត្រ ស្ថិតក្នុងឃុំតាភេម ស្រុក ត្រាំកក់ ខេត្តតាកែវ ស្ថាបនាដោយក្រុមហ៊ុនតុងលីហ៊ួក្រាលក្រួសដោយចំណាយថវិកាជិត១០០លានរៀលពុំត្រូវតាមស្ដង់ដារនៃការដេញថ្លៃនោះទេ ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា រាល់ ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ នៅក្នុងស្រុកត្រាំកក់ទាំងមូលតែងតែបានទៅលើក្រុមហ៊ុនមួយនេះគម្រោងជាច្រើនដែលក្រុមហ៊ុននេះដេញបានស្ថាបនាមិនត្រូវស្ដង់ដារដូចកាលពីពេលដែលប្រកាសដេញថ្លៃនោះទេ ។
ជុំវិញករណីខាងលើពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនមួយនេះមានទំនាក់ទំនង ជាមួយលោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវទើបក្រុមហ៊ុនមួយនេះអាចផ្ដាច់មុខក្នុងការដេញបាន រាល់គម្រោងក្នុងស្រុកត្រាំកក់ទាំងមូល។
អ្នកយកព័ត៌មាននគរវត្តមិនអាចសុំការបំភ្លឺពីលោក ហេង វុទ្ធី បានទេដោយលោក មិនលើកទូរស័ព្ទ។ ចំណែកលោក ឆេង ចន្ថា នាយករងទីចាត់ការផែនការវិនិយោគខេត្តតាកែវបានប្រាប់ថា ផ្លូវលំខាងលើលោក មិនបានដឹងថាក្រុមហ៊ុនណាស្ថាបនានោះទេទាល់តែលោកឆែកបញ្ជីមើល ហើយ ចំពោះផ្លូវលំមួយខ្សែនេះប្រហែលជាលោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគចុះទៅបិទគម្រោងហើយមើលទៅ ។
ប្រជាពលរដ្ឋស្នើសុំឲ្យលោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្ត តាកែវ និងមន្រ្តីជំនាញពាក់ព័ន្ធមេត្តាបើកការស៊ើបអង្កេតរាល់ការស្ថាបនាផ្លូវជាច្រើនខ្សែរបស់ក្រុមហ៊ុនតុងលីហ៊ួនៅក្នុងស្រុក ត្រាំកក់ព្រោះពលរដ្ឋមិនអាចទទួលយកបាន ចំពោះការស្ថាបនាគ្មានស្ដង់ដារនិងគុណភាពនេះហើយយកតែលុយរដ្ឋនោះទេ ៕ ភ្នំដា