ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានលើកឡើងថា ការបន្ធូរបន្ថយការរឹត ត្បិតលើទេសន្ដប្រវេសន៍(ការធ្វើចំណាកស្រុក) ដើម្បីស្វែងរកការងារអាចជួយបង្កើន សុខុមាលភាពរបស់កម្មករនិងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែប្រសើរ ។
យោងតាមរបាយការណ៍របស់ធនាគារ ពិភពលោកមានចំណងជើងថា «ការធ្វើ ចំណាកស្រុកដើម្បីស្វែងរកឱកាស» បាន ឲ្យដឹងថា ចំណាកស្រុកទៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ានបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៥ដោយបានប្រែក្លាយ ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ទៅជាទី កន្លែងសម្រាប់ពលករចំណាកស្រុកចំនួន៦,៥លាននាក់រស់នៅក្នុងតំបន់នេះគឺស្មើ នឹង៩៦ភាគរយនៃចំនួនពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន ។
របាយការណ៍របស់ធនាគារពិភព លោកបានបញ្ជាក់ថា ប្រាក់ដែលពលករផ្ញើទៅកាន់ប្រទេសកំណើតរបស់ខ្លួននៅក្នុងតំបន់អាស៊ានមានប្រមាណ៦២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៥។ ចំនួនទឹកប្រាក់ នេះស្មើនឹង១០ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសហ្វុីលីពីន ស្មើនឹង៧ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសវៀតណាម ស្មើនឹង៥ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្មើនឹង៣ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។
លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានលើកឡើងថា ជាមួយនឹងការជ្រើសរើសគោលនយោបាយដ៏ត្រឹមត្រូវប្រទេសបញ្ជូនពលករចេញអាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃ ចំណាកស្រុកទៅក្រៅប្រទេសស្របពេលដែលមានការគាំពារពលករ ចំណាកស្រុក ដែលជ្រើសរើសទៅធ្វើការក្រៅប្រទេស ។
លោក ស៊ុឌៀ សេតទី បានបន្ដថា នៅ ក្នុងប្រទេសទទួលយកពលករពលករបរទេសអាចបំពេញកង្វះខាតកម្លាំងពលកម្មនិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ នីរន្តរភាព។ ប្រសិនបើគោលនយោបាយ ទេសន្តប្រវេសន៍ដើរស្របគ្នាជាមួយនឹង តម្រូវការផ្នែកសេដ្ឋកិច្ច។ គោលនយោបាយ មិនសមស្របនិងស្ថាប័នមិនមានប្រសិទ្ធភាពមានន័យថា តំបន់នេះកំពុងតែបាត់បង់ ឱកាសទទួលបានប្រយោជន៍ដ៏ពេញលេញពីទេសន្តប្រវេសន៍នេះ ។
សេដ្ឋកិច្ចវិទូផ្នែកការគាំពារសង្គម និង ការងាររបស់ធនាគារពិភពលោក លោក ម៉រ៉ូ តេស្តាវើដ ដែលជាអ្នកដឹកនាំសរសេររបាយ ការណ៍នេះបានថ្លែងថា មិនថាពលករចង់ ធ្វើចំណាកស្រុកទៅកាន់ទីណាទេនៅក្នុងតំបន់អាស៊ាននេះពួកគេប្រឈមនឹងបម្លាស់ទីដែលត្រូវចំណាយ៣ឬ៤ដងនៃប្រាក់បៀ វត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ការកែលម្អ ដំណើរការនៃការធ្វើចំណាកស្រុកអាចជួយកាត់បន្ថយថ្លៃចំណាយរបស់ពលករទាំងនេះនាពេលអនាគតនិងជួយប្រទេសទាំងនេះឆ្លើយតបបានប្រសើរទៅនឹងតម្រូវការទីផ្សារពលកម្មរបស់ខ្លួន ។
លោក ម៉រ៉ូ តេស្តាវើដ បានបន្ដទៀតថា ផលប៉ះពាល់នៃបម្លាស់ទីពលកម្មទៅលើផែនការសេដ្ឋកិច្ចរបស់តំបន់នេះអាចមានទំហំធំព្រោះការធ្វើចំណាកស្រុកអាចផ្តល់ដល់ពលករនានាដែលមកពីប្រទេសមានប្រាក់ចំណូលទាបជាងគេនូវឱកាសសម្រាប់បង្កើនប្រាក់ចំណូលរបស់ខ្លួន។ ផលប៉ះ ពាល់ការផ្ញើប្រាក់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនលើផលិតផលសរុបក្នុងស្រុក របស់ជាតិក៏មានទំហំធំដែរ ។
របាយការណ៍បានប៉ាន់ប្រមាណថា ការកាត់បន្ថយឧបសគ្គចំពោះបម្លាស់ទីពលកម្ម នឹងជួយធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពរបស់កម្មករគឺអាចបង្កើនសុខុមាល ភាពរបស់ពួកគេបាន១៤ភាគរយប្រសិនបើផ្តោតតែទៅលើក្រុមពលករដែលមាន ជំនាញខ្ពស់និងអាចបង្កើនបាន២៩ភាគ រយប្រសិនបើផ្តោតទៅលើក្រុមពលករ ទាំងអស់ ៕ ហេង សូរិយា