ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូដឹកឈើល្មើសច្បាប់ដូចហែកឋិនសមត្ថកិច្ចជំនាញមិនអើពើ

ចែករំលែក៖

ខេត្តក្រចេះ ៖ សមត្ថកិច្ចជំនាញក្នុងខេត្ត ក្រចេះ ហាក់មិនទាន់មានវិធានការបង្រ្កាបក្បួនរថយន្ត និងម៉ូតូដឹកឈើល្មើសច្បាប់យ៉ាងអនាធិបតេយ្យនៅឡើយទេ បើទោះបី ក្បួនរថយន្ត និងម៉ូតូទាំងនេះដឹកឈើរាល់ ថ្ងៃ និងយូរឆ្នាំមកហើយក្តី ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តមិនក្រោមពី៥០ ទៅ១០០គ្រឿង និងម៉ូតូមិនក្រោម៣០០ គ្រឿងទេ ហើយមិនត្រឹមតែដឹកជញ្ជូនអត់ ច្បាប់ទេ ថែមទាំងធ្លាប់បង្កគ្រោះថ្នាក់បណ្តាល ឲ្យមនុស្សស្លាប់ទៀតផង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែល រកស៊ីដឹកឈើបានបង្ហើបឲ្យដឹងថា ការដឹក ជញ្ជូនឈើល្មើសច្បាប់តាមរថយន្តសាំយ៉ុង ឬតាមម៉ូតូ គឺយកទៅលក់ឲ្យក្រុមឈ្មួញតាមកន្លែងរៀងៗខ្លួន ហើយឈ្មួញឈើបានដឹកចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះ ដើម្បីយកទៅលក់នៅព្រំដែនប្រទេសវៀតណាម ។ ពួកគាត់បន្តថា ការដឹកជញ្ជូន ឈើល្មើសច្បាប់នេះ គឺកើតឡើងរាប់ឆ្នាំ មកហើយ។

ប្រជាពលរដ្ឋលើកឡើងថា ក្បួនរថយន្ត ដឹកឈើទាំងនេះ មិនត្រឹមតែធ្លាប់បង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងនោះទេ គឺរថ យន្តទាំងនេះ ក៏ធ្លាប់បើកកៀររថយន្តសមត្ថកិច្ចនៅក្បែរចិញ្ចើមផ្លូវឲ្យខូច ដោយមិន មានអ្នកទទួលខុសត្រូវទៀតផង។

ជាក់ស្តែងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានក្បួនរថយន្តសាំយ៉ុងមិនក្រោមពី៥០ គ្រឿងទេ បានបើកឆ្លងកាត់ក្រុងក្រចេះ ប្រដេញគ្នាយ៉ាងអនាធិបតេយ្យ ។

ប្រជាពលរដ្ឋរស់នៅក្រុងក្រចេះ សូម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ពិសេស លោក អុឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃ ឈើក្រចេះ គួរតែមានវិធានការបង្ក្រាបក្បួន រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់ទាំងនេះផង។ ប្រជាពលរដ្ឋបានបន្តថា បើមន្រ្តីជំនាញនៅតែបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកឈើល្មើសច្បាប់ដឹកតាមរថយន្តសាំយ៉ុងបើកដេញគ្នារបៀបនេះនឹងមានគ្រោះ ថ្នាក់ចរាចរណ៍បន្តកើនឡើង។

លោក អុឹង ស៊ីណាង នាយផ្នែករដ្ឋបាល ព្រៃឈើក្រចេះអ្នកយកព័ត៌មាននគរវត្តមិនអាចសុំការពន្យល់ពីបញ្ហាក្រុមឈ្មួញដឹក ជញ្ជូនឈើល្មើសច្បាប់តាមរថយន្តសាំយ៉ុង និងម៉ូតូបានទេ មិនដឹងថាតើពេលណាទើបលោកភ្ញាក់ពីដំណេក? ៕ សហការី


ចែករំលែក៖