ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ខណៈដែលពួកគាត់កំពុងតែដេកលងលក់ បានភ្ញាក់ឡើងនាំគ្នារត់ចែកជើងគ្នា ខ្លះយកទុយយោទឹក ខ្លះយកបំពង់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់ ប៉ុន្តែដោយសារតែភ្លើងឆេះខ្លាំងពេក អាជ្ញាធរបានប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងស្ថានការណ៍បាន ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ ចុះអន្តរាគមន៍ភ្លាមៗនោះបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង ០៣និង៣០នាទីកណ្ដាលអធ្រាត្រ ស្ថិតនៅផ្ទះលេខ២១CD ផ្លូវលេខ១៨៤ ក្រុម៣៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុ ឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យខូចខាត់សម្ភារក្នុងផ្ទះរួមមាន: កុំព្យូទ័រចំនួន១គ្រឿង, ទូទឹកកកចំនួន១គ្រឿង, ក្រណាត់ចំនួន២០ដុំ អគ្គីភ័យនេះបានរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ០១ខ្នង ខូចខាតសម្ភារៈដូចជា ម៉ាសុីនត្រជាក់ចំនួន១គ្រឿង, ទូដាក់ខោអាវចំនួន១ទូ, ទូសម្អាងចំនួន១ទូ, និងសម្ភារៈក្នុងបន្ទប់គេងអស់ទាំងស្រុង ។
អគ្គីភ័យខាងលេី ត្រូវបានអន្តរាគមន៍ពន្លត់ដោយរថយន្តការិយាល័យអគ្គីភ័យចំនួន៨គ្រឿង ប្រេីប្រាស់ទឹក អស់១០ឡាន ស្មេីនឹង ៤០ម៉ែត្រគូប និងបានពន្លត់ចប់ទាំងស្រុងនៅម៉ោង ០៤និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា។
ក្នុងករណីអគ្គីភ័យនេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ខ្ពស់នៅពេលចេញដំណេីរទៅលេងកំសាន្តទៅទីជិតឆ្ងាយ ត្រូវបិទភ្លេីងអគ្គីសនី ភ្លើងចង្ក្រាន្ត ជាពិសេសភ្លើងទៀន និង ភ្លេីងធូប ព្រោះវាអាចបង្កឲ្យមានអគ្គីភ័យ ដូចថ្ងៃនេះផងដែរ ៕ស តារា


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច