ព័ត៌មានទាន់ហេតុការណ៍៖

ទំនប់ត្រពាំងបឹងក្លាយជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញថ្មីមួយរបស់ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ ទំនប់ត្រពាំងបឹងក្នុងខេត្ត កំពតបាននិងកំពុងក្លាយជាទីដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុកទៅសម្រាកលម្ហែកម្សាន្ត ដោយសារតែទំនប់នេះមាន ទេសភាពស្អាតខ្យល់អាកាសបរិសុទ្ធដែលផ្ទៃអាងធំទូលាយមានសមត្ថភាពអាចផ្ទុកទឹកបានជាង៦លានម៉ែត្រគូប ដែលជា ប្រភពទឹកសម្រាប់ស្រោចស្រពដំណាំ របស់ប្រជាកសិករជិត៤.៥០០គ្រួសារនៅក្នុងឃុំសត្វពង ស្រុកឈូក។

ទំនប់ត្រពាំងបឹង មានចម្ងាយប្រហែល៤២គីឡូម៉ែត្រភាគឦសានទីរួមខេត្តកំពត ដោយធើ្វដំណើរតាមផ្លូវជាតិលេខ៣ ក្នុង ទិសដៅកំពត-ភ្នំពេញ។ ភ្ញៀវទាំងឡាយត្រូវបត់ចុះទៅផ្នែកខាងស្តាំពេលធ្វើដំណើរហួសផ្សារឈូកប្រមាណ៥០០ម៉ែត្រ ហើយបន្តដំណើរតាមផ្លូវលំប្រហែល៤០០ ម៉ែត្រទៀត នោះភ្ញៀវទេសចរទាំងឡាយ នឹងឃើញអាងស្តុកទឹកដ៏ធំល្វឹងល្វើយជា មួយទេសភាពយ៉ាងល្អប្រណីត។

អ្នកភូមិរស់នៅក្បែរទំនប់នេះបានឲ្យ ដឹងថា បន្ទាប់ពីទំនប់ត្រពាំងបឹងបាន ស្ថាបនារួចរាល់កាលពីដើមខែកញ្ញាមុននេះភ្ញៀវក៏បានចាប់ផ្ដើមមកលម្ហែលើខ្នង ទំនប់គយគន់ទេសភាពផ្សេងៗប្រហែល មួយសប្តាហ៍ ក្រោយពេលមានទឹកពេញ ក្នុងអាងទំនប់មិនត្រឹមតែអ្នកក្នុងស្រុកទេ គឺភ្ញៀវពីចម្ងាយក៏នាំគ្នាទៅកម្សាន្តច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រជាពលរដ្ឋ បានអំពាវនាវថា នៅទី នោះមានទាំងមនុស្សវ័យចំណាស់ព្រម ទាំងកុមារតូចៗ ដើរលម្ហែផង ដូច្នេះសូម អ្នកបើកបររថយន្ត ម៉ូតូ មេត្តាកុំប្រើប្រាស់ល្បឿនលឿនដើម្បីបញ្ចៀសគ្រោះថ្នាក់ ក៏ដូចជាមានឱកាសគយគន់កម្សាន្តនិងស្រូបយកខ្យល់អាកាសបរិសុទ្ធបានគ្រប់គ្រាន់ ព្រោះតាមការមើលឃើញជាក់ស្តែង ព្រោះតែខ្នងទំនប់ធំទូលាយ អ្នកបញ្ជាយាន យន្តពិសេសក្រុមយុវវ័យភាគច្រើនហាក់ ដូចជាមិនសូវបង្អន់ល្បឿនសោះ។

លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុក ឈូក បានឲ្យដឹងថា ទំនប់ត្រពាំងបឹងមានទីតាំងឋិតនៅក្នុងភូមិសាស្ត្រនៃឃុំចំនួន៣ គឺឃុំត្រមែង ឃុំក្រាំងស្នាយ និងឃុំសត្វពង លាតសន្ធឹងលើទំហំដីជិត៨០ហិកតា។

លោក បានបញ្ជាក់ថា ដោយមើល ឃើញភាពចាំបាច់ ក្រោយពីខកខានមិន បានប្រើប្រាស់ដោយសារបាក់ធ្លាយជាយូរ ឆ្នាំកន្លងមក ទើបកាលពីខែកុម្ភៈ ដើម ឆ្នាំនេះក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមជួសជុលស្តារឡើងវិញ ហើយសម្រេចរួចរាល់នាដើមខែកញ្ញាកន្លងទៅនេះ ។

លោកអភិបាលស្រុក បានឲ្យដឹងទៀត ថា បន្ទាប់ពីស្ថាបនារួចរាល់ដោយលើក កម្ពស់និងពង្រីកខ្នងទំនប់ឱ្យកាន់តែធំ ទូលាយអាងត្រពាំងបឹងមានសមត្ថភាព អាចផ្ទុកទឹកបានជាង៦លាន៣សែនម៉ែត្រគូបនិងបានផ្តល់ប្រយោជន៍ប្រើប្រាស់ទឹកដល់ប្រជាកសិករនៅតំបន់ជុំវិញជិត៤ ពាន់៥រយគ្រួសារ ។

លោក ខៀវ ឫទ្ធិភ័ណ្ឌ បានបញ្ជាក់ថា អ្វីដែលនឹកស្មានមិនដល់ គឺក្រោយលេច ចេញជារូបរាងនិងមានទឹកគ្រប់គ្រាន់ក៏ ស្រាប់តែមានភ្ញៀវជិតឆ្ងាយទៅលេង កម្សាន្តយ៉ាងច្រើនជារៀងរាល់ថ្ងៃប្រៀប​បាន​ទៅនឹងរមណីយដ្ឋានដ៏សែន មនោរម្យ​ធ្លាប់មានឈ្មោះល្បីមួយដែរ។ (ទំនប់​ត្រពាំង​បឹងត្រូវបានស្ថាបនាឡើង ក្នុងអំឡុងទសវត្សទី៧០និងបានខូច​ខាត​​អំឡុងឆ្នាំ១៩៩២ ធ្វើឱ្យការប្រើប្រាស់ត្រូវ​ខកខានជាច្រើនឆ្នាំតរៀងមក ៕ ហេង សូរិយា


ចែករំលែក៖