ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជិត១០នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​បើកម៉ូតូរេពេញផ្លូវ បណ្ដា​លឲ្យរថយន្តកូរ៉េដែលដឹកមនុស្សពេញលើរថយន្តត្រឡប់មកពីបុណ្យកឋិនវិញខំបួងចង្កូត ខណៈដែលកំពុងមានភ្លៀងធ្លាក់តិចផងធ្វើឲ្យផ្លូវរអិលរថយន្ដក៏រេចង្កូតក្រឡាប់ផ្ងារជើងរងរបួសធ្ងន់២នាក់ និងស្រាល៥នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យសួគ៌ាភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែតុលា​ឆ្នាំ​២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើតាមសម្ដីប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើរថយន្តខាងលើបានឲ្យដឹងថា មុន​ពេល​កើត​ហេតុ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 2A-0706 បើកបរ​ក្នុង​ទិស​ដៅពីកើតទៅលិច ត្រឡប់មកពីបុណ្យកឋិននៅឯស្រុកកៀនស្វាយក្នុងបំណងធ្វើដំណើរត្រឡប់ទៅផ្ទះនៅអង្គស្នួល ខេត្តកណ្តាល ដោយបានធ្វើដំណើរតាម​បណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើត​ហេ​តុ​ដែលស្រាប់តែមានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខកណ្តា​ល​1V-7680 បើកបរដោយបុរសម្នាក់ រេពេញ​ផ្លូវ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ដោយ​ខ្លាច​បុក​ម៉ូតូ​បុរស​ខាង​លើ ក៏​បួង​ចង្កូត​គេច​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ផង​នោះ​ក៏​បណ្តាល​​ក្រឡាប់ចាក់​អ្នក​ជិះ​លើ​រថយន្ត​ខ្ទាត​មក​លើដងផ្លូវ រង​របួសធ្ងន់​២នាក់និងស្រាល៥នាក់ ។ ម្ចាស់​រថយ​ន្ត​បាន​​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់ ចំណែក​ម៉ូតូ​បុរស​ខាង​លើ​បាន​ដួល​បោក​ទៅ​លើ​ដង​ផ្លូវ​រងរបួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ។

ក្រោយ​កើត​ហេតុ​រថយន្ត​ និង​ម៉ូតូ​ត្រូវសមត្ថកិច្ច​ចុះ​មក​វាស់​វែង​យក​ទៅ​រក្សាទុកនៅអធិការ​ដ្ឋា​នខណ្ឌ​ដង្កោ រង់​ចាំ​​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖