ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល សហការគ្នា ចុះបង្រ្កាបមុខសញ្ញាក្រុមចោរលួចសត្វគោ៣នាក់ ប៉ុន្តែមេខ្លោង និងមធ្យោបាយដឹកជញ្ជូន(រថយន្ត)រត់រួច។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ និង៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចបោះរាំង ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យ ៣នាក់ក្នុងចំណោម ៤នាក់ ទី១ ឈ្មោះ សុះ រ៉ូសៀត ហៅ វិន សៀត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន មានទីលំភូមិពោធិ៍ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ទី២ ឈ្មោះ គង់ សាវ៉ាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិព្រែក ៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ លី ទូច ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៤(រត់គេចខ្លួនបាត់)ឈ្មោះ អៀ តាល់ ភេទប្រុស ជនជាតិខ្មែរបច្ចុប្បន្ន រស់នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ជននេះបានហែកគុករត់គេចខ្លួនចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានឆ្នាំមុន ហើយបានមកពួនសម្ងំនៅពោធិ៍សាត់)។
លោកបន្តថា គោ៥ក្បាល ត្រូវប្រគល់ឲ្យម្ចាស់វិញឈ្មោះ រ៉ុង សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈម្ចាស់គាត់មិនដឹងថាគោរបស់គាត់បាត់នោះទេ ។
ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចបំពេញសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់ និងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាមេខ្លោងមកផ្តន្ទាទោសផងដែរ៕ ប៉ឹម ពិន