ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកបារាយណ៍ និងកម្លាំងប៉ុស្ដិ៍ទ្រៀល បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសាលាបឋមដា ភូមិដា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរថ្នាំញៀន ឈ្មោះ ថន ថារ៉ូ (ហៅស្រីខួច) ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់ នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ប្រភពបន្តថា មុខសញ្ញានេះជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ដោយទិញថ្នាំញៀនពីភ្នំពេញម្ដងៗ ចំនួន០៣ហ៊ុនក្នុងតម្លៃ៣០ម៉ឺនរៀល គឺលក់ត្រឹមតែរយពេល២-៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ដកហូតវត្ថុតាងមានម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀន ចំ នួន02កញ្ចប់តូច, ទូស័ព្ទដៃចុចពិល១គ្រឿង និងស៊ីមទូរស័ព្ទដែលមានលេខទូរស័ព្ទ 096 66 05 461 និងលេខ096 42 74 712 ។
លោក វរសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយ៍ បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ធំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី