ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋដាំកៅស៊ូជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​នៅ​ស្រុក​រមាសហែក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជ័រកៅស៊ូ​៦០០​ជាង​ហិកតា​ផលិត​លើកដំបូង​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​លើទឹក​ដី​ស្រុក​រមាសហែក​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ជាច្រើន​តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​បន្ទាប់ពី​ក្រុម​កសិករ​ដាំ​បាន​ផល​ហើយ​ជ័រកៅស៊ូ​លក់បាន​ថោក​ និង​ត្រូវ​ដឹក​យកទៅលក់​ឲ្យ​ខាង​រោងចក្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​លក់​ទៅ​ក្រៅ​ស្រុក​ប្រទេសជិតខាង​ ដែលមាន​ចង្ងាយ​ឆ្ងាយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​

បើតាម​លោក ដួង សេដ្ឋា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការកៅស៊ូ​នៅក្នុង​ភូមិ ព្រែក​រមៀត ឃុំ ជ្រៃ​ធំ ស្រុក រមាសហែក ខេត្តស្វាយរៀង​ប្រាប់​ឲ្យ​ដឹងថា​៖​ការដាំ​ណាំ​កៅស៊ូ​គឺ​វា​មិន​ស្រួល​នោះ​ដោយ​ចាប់​ដាក់​ដាំ​រហូតមកដល់​ទទួល​គឺមាន​រយៈពេល​៨​ទៅ​១០​ឆ្នាំ​ទើប​ទទួលបាន​ផល​ហើយ​ក្នុង​ការប្រមូល​ផល​ក្នុង​១​ខែល​ក់បាន​២​ដង​ពោលគឺ​រយៈពេល​១៥​ថ្ងៃ​លក់​ម្តង​ហើយ​ក្នុង​មួយខែ​អាច​បាន​ផល​ចាប់ពី​៣​ទៅ​៤​តោន​។​

ដោយ​មើលឃើញ​ទីផ្សារ​ជ័រកៅស៊ូ​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​មុននេះ​លោក​និង​ក្រុមគ្រួសារ​គាត់​បាន​ដាំ​កៅស៊ូ​បាន​១០​ហិកតា​ជាង​ក្នុង​មួយ​ហិកតា​ដាក់​ដាំ​កូន​កៅស៊ូ​បាន​៥០០​ទៅ​៦២០​ដើម​ហើយ​បច្ចុប្បន្ននេះ​ដំណាំ​កៅស៊ូ​របស់លោក​និង​អ្នក​ផ្សេងទៀត​ព្រមទាំង​សហគមន៍​ទទួលបាន​ផល​ជា​បន្តបន្ទាប់​ដោយ​ក្នុង​ផ្ទៃដី​១០​ហិកតា​ជាង​ក្នុង​មួយថ្ងៃ​គឺ​បាន​ផល​ពី​ដើម​កៅស៊ូ​ពី​២០០​ទៅ​៣០០​គីឡូក្រាម​ជ័រទឹក​ជ័រកៅស៊ូ​កក​លក់​ចេញ​បាន​ក្នុង​១​គីឡូ​២៧០០​ដល់​៣០០០​រៀល​វា​ធ្លាក់​ថ្លៃ​ជា​ប៉ុន្មាន​ឆ្នាំមុន​ណាមួយ​ត្រូវ​ដឹក​យកទៅលក់​ឲ្យ​ខាង​ក្រុមហ៊ុន​ក្នុងស្រុក​និង​ប្រទេសជិតខាង​។​

លោក ចាប ណុល អភិបាលរង​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា​ ជុំ​វិញ​ការដាំដុះ​ដំណាំ​កៅស៊ូ​នៅក្នុង​ស្រុក​រមាសហែក​គឺ​ចំនួន​៦​ឃុំ​ស្មើរ​៦៣៥​ហិកតា​សរុប​ទូទាំង​ស្រុក​រមាសហែក​។​ លោក ចាប ណុល បាន​បញ្ជាក់ថា​៖​អាជ្ញាធរ​ស្រុក​បានធ្វើ​ទំនាក់ទំនង​ជាមួយនិង​វិស័យ​ឯកជន​ដែលមាន​ចំណាប់អារម្មណ៍​ជុំវិញ​ទៅ​និង​ផលិតផល​កៅស៊ូ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​អោយ​ពួកគេ​មក​បង្កើត​ទីផ្សារ​ប្រមូល​ទិញ​ជ័រកៅស៊ូ​ក្នុងស្រុក​នេះហើយ​ដែរ​ ប៉ុន្តែ​ដូចជា​គ្មាន​ក្រុមហ៊ុន​ណាមួយ​មក​បង្កើត​ដើម្បី​ទិញ​នោះទេ​។​

លោក អភិបាលរង​ស្រុក​ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រុមហ៊ុន​ដែល​ប្រមូល​ទិញ​ជ័រកៅស៊ូ​ជួយ​បង្កើត​រោងចក្រ​ទទួល​ទិញ​ផង​ផលិតផល​ដែល​ខាង​កសិករ​យើង​ខំ​ធ្វើបាន​ផល​ហើយ​ពិបាក​លក់​ពោល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការដឹក​ផលិតផល​ជ័រកៅស៊ូ​៕ យឹម សុថាន


ចែករំលែក៖