ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Krasae Chana Wongse (ក្រាស៊ែ ចាន់ណាវង្ស) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី Asian Disaster Preparedness Center -ADPC។
តាមពិតទៅប្រទេសកម្ពុជា ត្រូវបានក្លាយជាសមាជិកស្ថាបនិក ADPC តាំងពីឆ្នាំ ២០១២ មកម៉្លេះ។ តែដោយសារកន្លងមកមិនទាន់បានបញ្ជូនឯកសារសច្ចារប័នដែលតម្រូវអោយឆ្លងកាត់ការអនុម័តពីសភាជាតិកម្ពុជា ទើបមានការពន្យាររហូតមកទល់ពេលនេះ។ នៅក្នុងជំនួបរវាង លោក Krasae Chana Wongse និង សម្តេចតេជោ ហ៊ុន សែន គឺដើម្បីជំរុញការរៀបចំឯកសារអោយបានគ្រប់គ្រាន់ ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសសមាជិកស្ថាបនិកពេញសិទ្ឋិនៃមជ្ឈមណ្ឌល ADPC អោយបានឆាប់បំផុត។ សព្វថ្ងៃនេះមានប្រទេសជាសមាជិកស្ថាបនិកចំនួន៩។ នៅមានប្រទេស២ដែលមិនទាន់ក្លាយជាសមាជិកស្ថាបនិកផ្លូវការគឺប្រទេសកម្ពុជា និងថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជម្រុញកិច្ចការនេះឲ្យបានលឿននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ហើយបន្ទាប់មកនឹងដាក់ជូនទៅរដ្ឋសភាដើម្បីស្នើសុំសច្ចាប័នជាផ្លូវការនាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគ្រោះមហន្តរាយគឺអាចកើតមានឡើងដោយគ្មានព្រំដែនឡើយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ គ្រោះរាំងស្ងួតជាដើម។ ដូច្នេះការបង្កើតមជ្ឈមណ្ឌលមួយនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាដើម្បីគ្រប់គ្រងនិងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដោយយថាហេតុបានមួយកម្រិតធំ។
លោក Krasae Chana Wongse បានជម្រាបជូនសម្តេចតេជោផងដែរអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដោយសារបច្ចុប្បន្នរូបលោកផ្ទាល់គឺជាប្រធានប្រឹក្សាភិបាល នៃសាកលវិទ្យាល័យចំនួន២នៅប្រទេសថៃ។ លោកចង់ចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ, ផ្នែកបណ្តុះបណ្តាល និងអប់រំទូទៅពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា។
សម្តេចតេជោ បានមានប្រសាសន៍ជុំវិញ កំណែទម្រង់នៃការអប់រំនៅកម្ពុជា ជាពិសេសនៅរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺកម្ពុជាទទួលបានភាពជោគជ័យជាច្រើននៅគ្រប់កម្រិត ជាពិសេសការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតទាំងអស់។ សម្តេចក៏បានស្វាគមន៍ ឲ្យលោក Krasae Chana Wongse ចាប់ដៃជាមួយសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការងារបណ្តុះបណ្តាលលើថ្នាក់ឧត្តមសិក្សានេះ។
លោក Krasae Chana wongse បានអរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយសអោយលោក និងប្រតិភូចូលជួបពិភាក្សា។ លោកបានចាត់ទុក សម្តេចតេជោ ជាមេដឹកនាំជើងចាស់ដ៏ល្បីនៅក្នុងអាស៊ី ដែលបានដឹកនាំមិនមែនតែក្នុងប្រទេសកម្ពុជា គឺនៅក្នុងស្ថាប័នអន្តរជាតិ ជាពិសេសគឺបានឆ្លុះពីចក្ខុវិស័យប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិអោយរីកចំរើន។ កាលពី១១ឆ្នាំមុនដែលបានមកកម្ពុជា និងពេលនេះគឺបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងច្រើន។
សម្តេចតេជោ បានជំរាបជូនលោក Krasae Chana wongse ថា យើងមិនអាចកាត់គម្លាតនៃទ្រព្យសម្បត្តិលើលោកនេះបានទេ ប៉ុន្តែយើងអាចកាត់បន្ថយគម្លាតនៃការអប់រំបាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំជំរុញការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងកម្រិតឧត្តមសិក្សា និងកម្រិតជំនាញបច្ចេកទេសនានា។ ចំពោះកូនសិស្សដែលប្រឡងធ្លាក់ឌុប ក៏នៅអាចបន្តការសិក្សាបរិញ្ញាបត្ររងបាន រួមទាំងសិក្សាលើមុខជំនាញវិជ្ជជីវៈផ្សេងៗបានយ៉ាងងាយស្រួលទៀតផង។ ទន្ទឹមនឹងនេះ ការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការចូលរួមជួយគ្នាទៅវិញទៅមកលើបញ្ហាគ្រោះមហន្តរាយនេះគឺជាសេចក្តីត្រូវការចាំបាច់បំផុត ជាពិសេសរវាងប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយគ្នាដូចជា កម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាមជាដើម៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ