ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។
លោក Vivian Balakrishnan បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ដោយក្នុងនោះលោកបានឃើញអំពីការរីកលូតលាស់នៃសំណង់អាគារជាច្រើនក្នុងទីក្រុងភ្នំពេញ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនដែលជាជោគជ័យកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។
លោក Vivian Balakrishnan បានបង្ហាញពីការពេញចិត្តចំពោះមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ សព្វថ្ងៃនេះមានអ្នកវិនិយោគិនសិង្ហបុរីជាច្រើនបានមកធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើអោយសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី៥ ។ អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំងជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកាអភិវឌ្ឍ និងការរីកលូតលាស់នូវសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ដំណើរទស្សនកិច្ចរបស់ លោក Vivian Balakrishnan គឺបានពង្រឹងបន្ថែមនូវចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរជាមួយកម្ពុជានោះ។ សិង្ហបុរីគ្មានបញ្ហាអ្វីជាមួយកម្ពុជាទេ ផ្ទុយទៅវិញគឺទំនាក់ទំន ងរមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរលូន និងមានភាពងាយស្រួលខ្លាំងឡើងប្រកបដោយសក្តានុពលលើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ និងក្នុងក្របខណ្ឌអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរ ប្រទេសយើងទាំងពីរខិតខំពង្រឹងគុណភាព និងកិត្យានុភាពអាស៊ានអោយបានរឹងមាំជាមួយនឹងការធ្វើទំនើបកម្មអាស៊ានដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិតទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី ហើយសម្តេចតក៏បានបង្ហាញនូវមោទនភាពរវាងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរយារមកហើយពុំដែលមានបញ្ហាទេ។ ផ្ទុយទៅវិញគឺប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការនៅគ្រប់មុខព្រួញជាច្រើន ។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សិង្ហបុរីក្នុងការធ្វើសមាហរណកម្មអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរគឺកម្ពុជាក៏បានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចផ្តួចផ្តើមនេះ ពិសេសលើការអភិវឌ្ឍធនធានមនុស្ស៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ