ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម្ចាស់កាបូបដេញតាម តាំងពីខណ្ឌសែនសុខ រហូតតាមចាប់បាននៅខណ្ឌចំការមន ដោយជនសង្ស័យនោះធ្វើសកម្មភាពលួចកាបូបបានសម្រេចរួចគេចខ្លួន ។
ក្នុងការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លញវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ។ ដោយឡែកម្ចាស់កាបូបមានឈ្មោះ បូរី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជិតខ្លោងទ្វារវត្ដសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកម្ចាស់ម៉ូតូ មិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយទេ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ គឺជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាក់លេខ ភ្នំពេញ 1 BJ-54 86 ដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចមកពីក្រោយសាលាបមឋសិក្សាទួលគោក ដែលគេហៅសាលាពៅអ៊ុំរួចបានជិះគេចខ្លួនតែម្ដង។
បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅដល់ជិតនៅវត្ដសំរោងអណ្ដែត ក៏បានធ្វើសកម្មភាពលួចកាបូបលុយបានសម្រេចទៀត ហើយជិះគេចខ្លួនតាំងពីខណ្ឌសែនសុខរហូតមកដល់ផ្លូវ៣៧៤ ទើបម្ចាស់កាបូបដេញតាមចាប់បានដោយសារនៅក្នុងការបូបមានទូរសព្ទភ្ជាប់ប្រព័ន្ធGPS រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចបានបន្ដថា សម្ភារៈនៅក្នុងខ្លួនជនសង្ស័យដែលសមត្ថកិច្ចដកហូតមានសោអក្សរTសម្រាប់កាច់កម៉ូតូ កាបូបលុយ និងកាបូបស្ពាយក្រោយ ម៉ូតូម៉ាក ហុងដាឌ្រីមមួយគ្រឿង ថ្នាំញៀនមួយកញ្ចប់តូច ផងដែរ ។ សូមបញ្ជាក់ថា ជនសង្ស័យរូបនេះពិតជាមុខសញ្ញាចាស់មែន ដោយក្នុងមួយថ្ងៃធ្វើសកម្មភាព សម្រេច២ករណីតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ