ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទៀតហើយនៅលើកំណាត់ផ្លូវជាតិលេខ៥៥ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេសង្កេតឃើញនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ពីខេត្តពោធិ៍សាត់ឆ្ពោះស្រុកវាលវែង បន្ទាប់ពីស្ថាបនាផវ្លូ ១ខ្សែនេះ ស្ទើរតែរួចរាល់ ១រយភាគរយមកនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ឥតឈប់ឈរបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ ព្រមទាំងខូចខាតមធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ។ល។ ជាក់ស្ដែងស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែង ដោយក្នុងករណីគ្រោះថ្នងក់ចរាចរណ៍រថយន្តបុក ខណៈដែលស្រ្តីរងគ្រោះកំពុងថ្មើរជើង(ដើរឆ្លងផ្លូវ)។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចសាលាឆទានអូរដេកា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ គង់ សុផានី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ចំណែកបើកបររថយន្តឈ្មោះ ឈិត ប៉ែត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកបររថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2U 5491 ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា រថយន្តបង្កបើកបរក្នុងទិសដៅមកពីណាឬទៅណានោះទេ លុះដល់ចំណុចកើតហេតុ ក៏បានបុកស្រ្តីរងគ្រោះបណ្ដាលឲ្យដួលស្លាប់យ៉ាងរន្ធត់តែម្តង ហើយប្រភពដដែលខាងលើ ក៏មិនបានបញ្ជាក់ថា ស្រ្តីរងគ្រោះ(ស្លាប់)ដើររបៀបណានោះដែរ ខណៈអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់តាមទូរស័ព្ទ។

ប្រភពថា បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្ត និងអ្នកបើកបរដែលបានឃាត់ខ្លួន បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕ ប៉ឹម ពិន


ចែករំលែក៖