ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជែងកុងតឺន័រមិនផុត ត្រូវរថយន្តមួយគ្រឿងមកពីមុខបុកស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយពីជិះម៉ូតូជែងរថយន្តកុងតឺន័រមួយគ្រឿងមិនផុត ត្រូវរថយន្តមួយគ្រឿងទៀតបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ អ៊ឹម ភ័ស្ស ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-4757 ។ ចំណែករថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខស្វាយរៀង 2A-0926 បើកបរដោយឈ្មោះញ៉ឹប សាវ៉េត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិឬស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

នគរបាលចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។លុះ មកដល់កន្លែងកើតហេតុ បានបើកជែងរថយន្តកុងតឺន័រមួយគ្រឿងនៅពីមុខ គាប់ជួនមានរថយន្តកាមរីឆ្លាមមួយគ្រឿងបើកក្នុងល្បឿនលឿនទិសដៅផ្ទុយគ្នា ពីភ្នំពេញទៅអ្នកលឿង បានបុកចំពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមមួយ រំពេច ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើកគេច តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅចំណុចផ្សារជ្រោយដងរួចបញ្ជូនទាំងមនុស្សនិងរថយន្តទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់។ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖