ព័ត៌មានទាន់ហេតុការណ៍៖

១យប់ចោរគាស់បន្ទប់លួចម៉ូតូ៤គ្រឿងក្នុងដែនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានក្រុមនិស្សិតមួយក្រុម បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពេលមានចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលហើយកាច់សោកម៉ូតូពួកគាត់រហូតដល់៤គ្រឿង ។

ជនរងគ្រោះដែលសុទ្ធសឹងជានិស្សិត បានមកប៉ុស្ដិ៍ស្ទឹងមានជ័យដើម្បីដាក់ពាក្យបណ្ដឹង នៅវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពលួចទៅបាត់នោះ មានចំនួន៤គ្រឿងក្នុងនោះមានម៉ូតូប្រភេទScoopyចំនួន២គ្រឿង និងម៉ូតូHondaC125ចំនួន២គ្រឿង ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា នៅយប់ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៧ ពួកគាត់ជាជនរងគ្រោះមានប្រុស ស្រីទាំង៤នាក់ បានទុកម៉ូតូក្នុងបន្ទប់ជួលជាន់ក្រោម ហើយឡើងដេកជាន់លើ ។ បន្ទាន់មក នៅព្រឹកថ្ងៃទី២៣ ពួកគាត់បានក្រោកឡើងស្រាប់តែបាត់ម៉ូតូអស់ចំនួន៤គ្រឿងតែម្ដង រួចហើយពួកគាត់ក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍៍នគរបាលស្ទឹងមានជ័យ ហើយសមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្ដឹងតែប៉ុណ្ណោះ ។

គួរបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជយ័ សូមណូមពរដល់អាជ្ញាធរ ជាពិសេស លោក ម៉ៅ សាវឿន ដែលជាមេប៉ុស្តិ៍ស្ទឹងមានជ័យ មេត្តាជួយឲ្យកម្លាំងសមត្ថកិច្ចក្រោមឱវាទចុះល្បាតតាមមូលដ្ឋានឲ្យបានញឹកញាប់ផង ព្រោះពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅមានការភយ័ខ្លាច ខ្វះសុខសុវត្ថិភាពដោយក្រុមចោរទាំងនោះតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះរបស់គាត់ជាញឹកញាប់ ហើយសមត្ថកិច្ចពុំសូវចាប់ជនសង្សយ័នោះទេ៕ ភារ៉ា ដង្កោ


ចែករំលែក៖