ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើដំបូលរោងចក្រមកចំសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេញក្រៅ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបណ្ដាលឲ្យបុរសម្នាក់ជាកម្មករប្រក់ដំបូល បានធ្លាក់ពីលើដំបូលរោងចក្រចុះមកក្រោមជង់ជាមួយសង្កសីបណ្ដាលឲ្យធ្លាយពោះវៀនចេះមកក្រៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចរោងចក្រគ្មានយីហោ(ទើបតែសាងសង់) ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើមានឈ្មោះ ធុន ធាក អាយុ៣៧ឆ្នាំ មុខរបរកម្មករប្រក់ដំបូល ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើតក្នុងភូមិរំដេង ឃុំរំដេង ស្រុកមេសា ខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៌មានពីកម្មករប្រក់ដំបូលដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងកម្មករដូចគ្នា៤ទៅ៥នាក់ បានយកសង្កសីឡើងទៅប្រក់ដំបូលខាងលើ ក្រោយមក ស្រាប់តែពេលនោះមានសង្កសីប្រវែងប្រហែល១ម៉ែត្របានធ្លាក់ចុះក្រោម ហើយជនរងគ្រោះក៏បានធ្លាក់ចុះមកតាមក្រោយ បណ្ដាលឲ្យជុងនឹងសង្កសីធ្លាយពោះវៀនចេះមកក្រៅ និងបាក់កដៃ រងរបួសយ៉ាងធ្ងន់តែម្ដង ។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមកម្មករដូចគ្នាបានទាក់ទងទៅសមត្ថកិច្ចឲ្យហៅរថយន្ដសង្គ្រោះបន្ទាន់មកទទួល ដឹកបុរសរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមះ(ហៅពេទ្យលោកសង្ឃ)ភ្លាមៗផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុផងដែរ តែដូចជាមិនឃើញមានវិធានការអ្វីឡើយ ដោយគ្រាន់តែមើលហើយ ត្រឡប់ទៅវិញបាត់ ។ ដោយឡែកមេការប្រក់ដំបូល និងម្ចាស់ទីតាំងខាងលើ ក៏មិនឃើញចេញមកជួយដោះស្រាយដល់ជនរងគ្រោះដែលបានរបួសធ្ងន់នោះដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖