ខេត្តមណ្ឌលគិរី៖ អនុប្រធានមន្ទីរការ ងារខេត្តមណ្ឌលគិរីទទួលរងការចោទប្រកាន់បោកលុយពីជនជាតិចិនដែលចង់បានបណ្ណការងារស្របច្បាប់ថា បានយកលុយពីតំណាងក្រុមហ៊ុនចិនជិត១០.០០០ ដុល្លារសម្រាប់ថ្លៃរត់ការធ្វើបណ្ណឲ្យជន ជាតិចិន៣៧នាក់ប៉ុន្តែមិនព្រមធ្វើឲ្យបាន សម្រេច និងចង់ស៊ីដាច់ប្រាក់មិនព្រមសង វិញ ។
លោក លាង លីដា តំណាងក្រុមហ៊ុន បានអះអាងថា ខ្លួនបានប្រគល់ប្រាក់ចំនួន៩.១១០ដុល្លារឲ្យលោក ណយ ច័ន្ទដារា អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តមណ្ឌលគិរីដើម្បីរត់ការធ្វើប័ណ្ណការងារឲ្យជនជាតិចិន៣៧នាក់ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនយូប៊ីអុី ឌីវិឡុបមិន ដែលក្រុមហ៊ុនវិនិយោគទុនក្នុងប្រទេស កម្ពុជា។ ប៉ុន្តែអស់រយៈពេលជិតមួយឆ្នាំ កន្លងហើយលោក ណយ ច័ន្ទដារា មិនទាន់ ប្រគល់ឯកសារឲ្យលោកឡើយ ។
តំណាងក្រុមហ៊ុនយូប៊ីអុី ឌីវីឡុបមិន បានអះអាងទៀតថា ក្រុមហ៊ុនចិនបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងចង់ឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនទទួលបានសិទ្ធិធ្វើការងារដោយស្របច្បាប់ដូច្នេះក៏បាន ចំណាយថវិកាជូនលោក ណយ ច័ន្ទតារា ជួយរត់ការឲ្យជនជាតិចិនទាំង៣៧នាក់ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេមិនទាន់ទទួលបានប័ណ្ណការងារនៅឡើយ។ ចំណែក មន្ត្រីអន្តោប្រវេសន៍វិញតែងតែគំរាមចាប់ពួក គេជាបន្តបន្ទាប់ ព្រោះខ្វះឯកសារអនុញ្ញាតឲ្យធ្វើការងារ។ ជនជាតិចិនទាំង៣៧នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍ផាកពិន័យអស់ទឹកប្រាក់ជាច្រើនដោយសារខ្វះឯកសារការងារ ។
លោក ណយ ស្រួន ប្រធានមន្ទីរការងារ និងបណ្ដុបណ្ដាលវិជ្ជាជិវៈនិងត្រូវជាឪពុកបង្កើតរបស់លោក ណយ ច័ន្ទដារា នៅថ្ងៃ ទី២៣ ខែតុុលា ឆ្នាំ២០១៧ បានទទួល ស្គាល់ថា កូនរបស់លោកពិតជាបានទទួលលុយរត់ការធ្វើប័ណ្ណឲ្យជនជាតិ៣៧នាក់ ពិតប្រាកដមែន ប៉ុន្តែដំណើរការដល់ណា នោះលោកដឹងមិនច្បាស់ទេ ។
ចំណែកលោក ណយ ច័ន្ទដារា បានថ្លែង ទទួលថា លោកពិតជាបានទទួលលុយពី ជនជាតិចិនទាំង៣៧នាក់មែននិងមិនមែនជាការបោកប្រាស់ទេគឺលោកកំពុងតែធ្វើការងារដោយសង្ឃឹមថា អាចរួចរាល់នា ពេលឆាប់ៗខាងមុខ ។
លោកបានរៀបរាប់ថា ជនជាតិចិនទាំង ៣៧នាក់នេះមិនមែនរស់នៅ ឬធ្វើការនៅក្នុងខេត្តមណ្ឌលគិរីទេមាន៩នាក់កំពុងតែធ្វើការនិងរស់នៅក្នុងខេត្តក្រចេះ។ ចំណែក ២៨នាក់ទៀតកំពុងតែស្នាក់នៅ និងធ្វើការ នៅក្នុងខេត្តព្រះសីហនុ ។
លោក ណយ ច័ន្ទដារា បានអះអាងថា លោកបានយកថ្លៃរត់ការធ្វើប័ណ្ណការងារពីជនជាតិម្នាក់ចំនួន១៨០ដុល្លារ និង២០០ដុល្លារថែមទៀតសម្រាប់បំពេញបែបបទ ឬឯកសារផ្សេងសម្រាប់ក្រុមហ៊ុននីមួយៗ ដើម្បីឲ្យស្របតាមតម្រូវការនៅក្នុងច្បាប់។ ចំណែកការងារដែលលោកកំពុងធ្វើឲ្យជនជាតិចិនទាំងនេះមិនមានជាប់ពាក់ព័ន្ធនឹងតួនាទីក៏ដូចជាមន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីឡើយ។ ពោលគឺលោកធ្វើដើម្បីទទួលបានកម្រៃសេវាដូចករណីរត់ការបំពេញបែបបទសុំ ទិដ្ឋាការ ឬធ្វើលិខិតឆ្លងដែនដែរ ។
លោកបានត្អូញត្អែរថា «ខ្ញុំមិនបានផល ចំណេញអ្វីទេ ប៉ុន្តែដោយសារជាប់មាត់ថា ធ្វើឲ្យគេហើយត្រូវតែធ្វើឲ្យចប់។ ការងារ រៀបចំបំពេញបែបបទ និងបញ្ចូលឯកសារក្នុងប្រព័ន្ធការងារនេះនរណាក៏អាចធ្វើបានដែរព្រោះវាជាសេវាបង់ថ្លៃតាមរដ្ឋកំណត់»។
លោកបានបន្ថែមថា ករណីយឺតយ៉ាវ មិនមែនបណ្ដាលមកពីលោកតែម្នាក់ឯងទេ។ រីឯក្រុមហ៊ុនទើបតែប្រគល់ជូនឯកសារចាំបាច់តាមលក្ខខណ្ឌតម្រូវនៅចុងខែសីហាប៉ុណ្ណោះ ហើយលោកនឹងពន្លឿនការ ងារនេះបន្តទៀត ។
លោកបានរំលឹកថា ករណីជនជាតិចិនសម្រេចចិត្តឲ្យលោករត់ការសុំប័ណ្ណការងារ ដោយសារលោកធ្លាប់ធ្វើបានជោគជ័យជូន ជនជាតិចិនមួយចំនួនដែលកំពុងរស់នៅនិងធ្វើការឲ្យក្រុមហ៊ុនវិនិយោគរបស់ចិននៅ ក្នុងខេត្តមណ្ឌលគិរីនាពេលកន្លងមក ៕ ហេង សូរិយា