ខេត្តកណ្ដាល៖ លោកសំម ឫទ្ធីវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ កំពុងសាកសួរជនសង្ស័យបីនាក់ក្នុងចំណោម៦នាក់ ពាក់ព័ន្ធករណីសម្លាប់យុវជនម្នាក់នៅស្រុកកៀនស្វាយ ។
ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២១ ខែតុលា និង ថ្ងៃទី២៣ ខែតុលា បន្ទាប់ពីមានករណីឃាតកម្មមួយ កាលពីថ្ងៃទី១៥ ខែតុលា នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាល ថ្លែងថាតាមការស្រាវជ្រាវ ក្រុមឃាតករដែលពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះមានគ្នា៦នាក់ ក្នុងនោះត្រូវឃាត់ខ្លួនបីនាក់ ទី១ ឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អាយ១៨ឆ្នាំ ទី២ ឈ្មោះ ហួ កុសល អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក អាយុ២២ឆ្នាំ ។
ចំណែកជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ។ ករណីនេះ កើតឡើង ដោយសាររឿងទំនាស់៕ ចេស្តា