ភ្នំពេញ ៖ ប្រធាន គណៈកម្មការមេប្រយោគ និង ជាអនុប្រធានគណៈកម្មការ បច្ចេកទេស សម្រាប់ព្រះរាជពិធីបុណ្យ អុំទូកឆ្នាំនេះលោក ប៊ូ ជុំសេរី និងជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ថា ទូកដែលចូលរួមប្រកួត ក្នុងព្រះរាជពិធី បុណ្យអុំទូក អក អំបុក និង សំពះព្រះខែឆ្នាំនេះមានចំនួន ២៧០ទូក។ នេះជាតួរលេខ ពិតប្រាកដ ចុងក្រោយរី ឯការប្រណាំងក្នុងមួយថ្ងៃ២ជើងដោយផ្លាស់ប្ដូរខ្សែទឹកគ្នា ខណៈ ប្រទីបមាន១៣ ដែរនោះ។
លោកបានបន្តថា ការប្រកួតទូកនេះ ក្រៅពីទូកពិសេស ដែលគិតចំណាត់ថ្នាក់ ទៅតាមថិរវេលានោះសម្រាប់ទូកធម្មតា គឺគិតទៅតាមការឈ្នះប្រចាំថ្ងៃ ។ ទូកដែលឈ្នះ ៣ថ្ងៃជាប់ៗគ្នានឹងបានចំណាត់ថ្នាក់ក្នុងផែនលេខ១ទូកឈ្នះ ២ថ្ងៃបានចំណាត់ថ្នាក់ក្នុងផែនលេខ២ ទូកដែលឈ្នះបានតែមួយថ្ងៃនោះបានចំណាត់ថ្នាក់ ក្នុងផែនលេខ ៣ និងទូកដែលមិនឈ្នះសោះនោះចំណាត់ថ្នាក់ក្នុងផែនលេខ ៤ ។ ក្រៅពីនេះក៏មានចាត់ចំណាត់ថ្នាក់សម្រាប់ទូក ដែលមានសោភណភាព ជាងគេផងដែរ ។ចំពោះ ចម្ងាយប្រកួតប្រវែង២.៧០០ម៉ែត្រ ដែលចំណុចចេញដំណើរស្ពានជ្រោយចង្វាមកដល់កងព័ន្ធទី១មានចម្ងាយ ១.០០០ម៉ែត្រ។ ពីកងព័ន្ធទី១ដល់កងព័ន្ធទី២មានចម្ងាយ ១.០០០ម៉ែត្រ និងពីកងព័ន្ធទី២ដល់ទីផ្ដាច់ព្រ័ត្រមានចម្ងាយ ៧០០ម៉ែត្រ ។
លោកបន្ដថាដោយឡែកប្រទីបឆ្នាំនេះ តាមការគ្រោង ទុកមានចំនួន ១៤ តែចុងក្រោយនេះក្រសួងវប្បធម៌ វិចិត្រសិល្បៈបានប្រកាសថា មិនមានប្រទីប របស់ខ្លួនចូលរួមទេ ។ ដូច្នេះប្រទីបមានតែចំនួន១៣ប៉ុណ្ណោះគឺ៖ ទី១-ប្រទីបព្រះបរមរាជវាំង,ទី២-ប្រទីបព្រឹទ្ធសភា,ទី៣-ប្រទីបរដ្ឋសភា,ទី៤-ប្រទីបរាជរដ្ឋាភិបាល,ទី៥-ប្រទីបក្រសួងយុត្តិធម៌,ទី៦-ប្រទីបក្រសួងការពារជាតិ,ទី៧-ប្រទីបក្រសួងមហាផ្ទៃ,ទី៨-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ទី៩-ប្រទីបក្រសួងឧស្សា ហកម្ម និងសិប្បកម្ម,ទី១០-ប្រទីបក្រសួងពាណិជ្ជកម្ម,ទី១១-ប្រទីបក្រសួងទេសចរណ៍,ទី១២-ប្រទីបក្រសួងរ៉ែ និងថាមពល និង ទី១៣-ប្រទីបសាលារាជធានីភ្នំពេញ។
ប្រធានគណៈកម្មការមេប្រយោគ និង ជាអនុប្រធានគណៈកម្មការបច្ចេក ទេសសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បានបញ្ជាក់ឱ្យដឹងទៀតដែរថា ពិធីកាត់ព្រ័ត្រនឹងត្រូវពន្យារពេលប្រមាណ១៥នាទី ដើម្បីឱ្យមេឃងងឹតបន្តិចព្រោះទូកទាំងអស់នឹងត្រូវចែកពិលអគ្គីសនី ដើម្បីឱ្យពេលកាត់ព្រ័ត្រ ចាប់កូនក្លែងក្នុងទន្លេមានពន្លឺល្អស្អាត ជាងបណ្ដាឆ្នាំកន្លងមក៕ ប្រាថ្នា