ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីពិការម្នាក់ត្រូវប្តីបំបរបង់ចោលខណៈត្រឡប់ពីធ្វើការនៅថៃទៅស្រុកកំណើតខេត្តរនគិរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីពិការជើងម្ខាងម្នាក់ ធ្វើកម្មករនៅក្នុងប្រទេសថៃ ហើយបានធ្វើដំណើរពីប្រទេសថៃ ឆ្លងតាមច្រកតំបន់ស្រុកម៉ាឡៃជាមួយនឹងបុរសជាប្តីម្នាក់ ដើម្បីឱ្យប្តីជូនដំណើរទៅស្រុកកំណើត នៅខេត្តរតនគីរី លុះធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ ប្តីរូបនោះដឹកបោះបង់ចោលស្រ្តីជាប្រពន្ធតែម្តង។ ស្ត្រីជាប្រពន្ធគ្មានលុយនៅក្នុងខ្លួននោះទេ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឧបត្ថម្ភសម្លៀកបំពាក់ និងថវិកាមួយចំនួនធ្វើជាសោហ៊ុយ ដើម្បីជិះរថយន្តបន្តទៅស្រុកណើតទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិសាស្រ្តឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សេះ វិបុល អធិការនគរបាលស្រុកអូរជ្រៅ ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឱ្យដឹងថា ស្រ្តីរូបនោះមានឈ្មោះ រស់ សាវី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកបរកែវ ខេត្តរតនគីរី ចំណែក បុរសជាប្តីនោះមានឈ្មោះ ឈុន ចិត្រ អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

បើតាមការរៀបរាប់ពីស្រ្តីឈ្មោះ រស់ រ៉ាវី វិញបានប្រាប់ឱ្យអ្នកយកព័ត៌មាននគរវត្តដឹងថា នាងបានប្តីឈ្មោះ ឈុន ចិត្រ ធ្វើការងារជាកម្មករជាមួយគ្នានៅក្នុងប្រទេសថៃអស់រយៈពេល៧ឆ្នាំហើយ ។ ពួកគាត់រស់នៅជាមួយគ្នា ប៉ុន្តែគ្មានកូននោះទេ ។ នៅថ្ងៃមួយ នាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពិការជើងឆ្វេងម្ខាង នៅក្នុងអំឡុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យប្រទេសថៃរយៈពេល៩ខែ នាងចំណាយអស់ប្រាក់រលីង ។ លុះបន្ទាប់មក នៅថ្ងៃ ខែខាងលើ ក៏បបួលប្តីជូនមកស្រុកកំណើតវិញ ដោយពួកគាត់ទាំង២នាក់បានធ្វើដំណើរពីប្រទេសថៃ ឆ្លងតាមច្រកតំបន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពបន្តទៀតថា លុះដល់ស្រុកម៉ាឡៃ ប្តីរបស់គាត់ខ្ចីម៉ូតូអ្នកស្គាល់គ្នា១គ្រឿង មកដឹកគាត់ដោយប្រាប់ថាទៅស្រុក។ នៅពេលឌុបនាងដល់ចំណុចផ្សារគុត្តសត ស្រុកអូរជ្រៅ ប្តីនាងបានឈប់ម៉ូតូហើយឱ្យនាងចុះចាំមួយភ្លែតថា ទៅទិញទឹកផឹក។ នៅពេលប្តីរូបនោះទៅបាត់កាន់តែយូរទៅៗ រង់ចាំមិនឃើញ ទើបនាងដឹងខ្លួនថា ប្តីនិយាយកុហក ដោយបោះបង់នាងចោលនៅចំណុចផ្សារគុត្តសត នាំឱ្យនាងស្រែកយំ ដោយនៅក្នុងខ្លួនអត់មានលុយទាល់តែសោះ។ បន្ទាប់មក ប្រជាពលរដ្ឋឃើញអាណិតអាសូរ ក៏បានឱ្យថវិកានិងសម្លៀកបំពាក់មួយចំនួនដល់រូបគាត់ ហើយ ក្រោយមក នាងត្រូវបាននគរបាលប៉ុស្ថិ៍នាំមកស្នាក់នៅមួយយប់ នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ លុះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស៊ីវ សុជាតិ ស្នងការរងទទួល ផែនភស្ថុភារ និងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានទៅធ្វើការ និងជួបដោយចៃដន្យ ក៏បានឧបត្ថម្ភថវិកាជូនដល់ស្រ្តីរូបនោះចំនួន១១ម៉ឺនរៀលបន្ថែមទៀត ហើយបានជូននាងឡើងរថយន្តដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅខេត្តរតនគីរីតែម្តង ។

ស្ត្រីរងគ្រោះដែលត្រូវប្តីបំបរបង់ចោលខាងលើនេះ បានថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯក ស៊ីវ សុជាតិ ក៏ដូចប្រជាពលរដ្ឋដទៃទៀតដែលមានសណ្តានចិត្តជ្រះថ្លាជួយដល់រូបគាត់ដែលកំពុងជួបទុក្ខលំបាក និងបានបួងសួងសុំឲ្យទេវតាជួយតាមថែរក្សាពួកគាត់ឲ្យប្រទះតែសេចក្តីសុខ និងសុវត្ថិភាពជានិច្ចផងដែរ ៕ សំ វិច្ឆិកា

ស្ត្រីពិការដែលត្រូវប្តីបំបរបង់ចោលនៅកណ្តាលផ្លូវ


ចែករំលែក៖