ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ចោទសមា្លប់ គីម ជុងណាមបងប្រុសមេដឹកនាំកូរ៉េខាងជើងត្រូវបញ្ជូនទៅកាន់អាកាសយានដ្ឋានសម្តែងឡើងវិញពីសកម្មភាព

ចែករំលែក៖

ស្ត្រីពីរនាក់ដែលជាជនជាប់សង្ស័យនៅក្នុងការសម្លាប់ បងប្រុសមេដឹកនាំកូរ៉េ ខាងជើងគីម ជុងណាម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡំាពួរដើម្បី សម្តែងពីសកម្មភាពសម្លាប់មនុស្ស ជាថ្មី ដើម្បីបំពេញទៅតាមការសើុបអង្កេតករណីខាងលើ។

នាង Doan Thi Houng ជនជាតិវៀត ណាម និង នាងSiti Aisyah ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង គូឡាឡំាពួរ នៅប្រទេសម៉ាឡេស៊ី ដើម្បី សម្តែងឡើងវិញ ពីសកម្មភាពសម្លាប់ លោកគីម ជុងណាមដោយជាតិពុល។

អ្នកសារព័ត៌មាន ជាង៤០នាក់ និង បណ្តាញទូរទស្សន៍អន្តរជាតិ បានទៅកាន់ អាកាសយានដ្ឋាន អន្តរជាតិ ញូឡាឡំាពួរ KLIA2 តាំងពីម៉ោង ៦ព្រឹកថ្ងៃទី២៤ខែ តុលា ដើម្បីយកព័ត៌មានស្តីពីហេតុការណ៍ខាងលើ។

ជនជាប់ចោទ សញ្ជាតិឥណ្ឌូនេស៊ី ឈ្មោះ Siti Aisyah អាយុ២៥ឆ្នាំ និង ជន ជាតិវៀតណាម Doan Thi Huong អាយុ ២៨ឆ្នាំបានទៅកាន់អាកាសយានដ្ឋានអន្តរជាតិនៅវេលាម៉ោង១០ព្រឹក។ ស្ថានីយ ចេញដំណើរជាកន្លែងដែលគីម ជុងណាម ត្រូវបានសម្លាប់ដោយជាតិពុល សរសៃ ប្រសាទ VX ។

ក្រុមអ្នកត្រួតពិនិត្យ មាន មេធាវីការពារ ជនជាប់ចោទ និង ចៅក្រមកាត់ក្តីរឿងនេះ។ ជនជាប់ចោទទាំងពីរនាក់បានពាក់អាវការពារគ្រាប់ ត្រូវបានក្រុមការពារជាង៥០នាក់ ការពារយ៉ាងតឹងតែង ពេលទៅកាន់ អាកាសយានដ្ឋាន។

ចៅក្រមតុលាការកំពូល លោក Azmi Ariffin ក៏ទៅកាន់កន្លែងកើតហេតុដែរ ដើម្បី ពិនិត្យជាក់ស្តែងជាកន្លែងដែលស្ត្រីទាំង២នាក់ ដាក់ជាតិពុល VX ទៅលើមុខ ជនរងគ្រោះ កាលពីថ្ងៃទី១៣ខែកុម្ភៈក៏ដូចជាទីតាំងពាក់ព័ន្ធផ្សេងទៀត។

លោកគីម ជុងណាម ឈ្មោះក្នុងលិខិត ឆ្លងដែន Kim Chol ជាបងប្រុសឪពុក តែមួយម្តាយទីទៃ ជាមួយមេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន ត្រូវសម្លាប់នៅក្នុងអាកាសយានដ្ឋានទីក្រុងគូឡាឡំាពួរ កាល ពីថ្ងៃទី១៣ខែកុម្ភៈ ។ ប្រសិនបើរកឃើញថាស្ត្រីទាំងពីរនាក់ខាងលើពិតជាបានរួម គំនិតក្នុងការសម្លាប់លោកគីម ជុងណាម នោះ អាចនឹងត្រូវមានទោសប្រហារជីវិត តាមច្បាប់របស់ប្រទេសម៉ាឡេស៊ី៕ ម៉ែវ សាធី


ចែករំលែក៖