ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រក្រហមមួយគ្រឿង បានបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកបង្គោលភ្លើង ដែលនៅតាមចិញ្ចើមផ្លូវ ហើយជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹង បណ្តាលឲ្យរងការខូចខាត សង្ស័យអ្នកបើកបរស្រវឹងស្រា ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុចខាងជើងវត្តក្រាំងធ្នង់ប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ភូមិធ្លក់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសជាភ្ញៀវដែលជិះក្នុងរថយន្តមានឈ្មោះ ឈុំ ប៊ុនធឿន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបុរីសំបួរមាស សង្កាត់ដង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ក្រហម ជារថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2AA-2119 បើកបរដោយបុរសម្នាក់ និងភ្ញៀវពីរនាក់រួមដំណើរជាមួយ តាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើរេចង្កូតទៅខាងឆ្វេងឆ្លងផ្លូវទៅបុកនឹងបង្គោលភ្លើងមួយដើម ដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបែកប្រេះ។
ប្រភពបន្តប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា បន្ទាប់មក រថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅធ្លាក់ចូលក្នុងទឹកប្រឡាយ និងបុករបងដីឡូត៍ដែលនៅជាប់ប្រឡាយបណ្តាលឲ្យបែកអស់មួយផ្ទាំង ចំណែករថយន្តរងការខូចខាតបែកកញ្ចក់ និងកំពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំង។ ភ្លាមៗនោះ គេឃើញបុរសពីរនាក់បានចេញពីកាប៊ិនខាងមុខក្នុងស្ថានភាពស្រវឹងជោកជាំ ហើយឡើងមកលើគោកស្រែកជេរ និងដេញប្រជាពលរដ្ឋដែលឈប់ចោមរោមមើល ហើយស្រាប់តែសន្ទុះក្រោយមក ក៏មានរថយន្តតាក់ស៊ីក្រហមមួមគ្រឿងទៀតបានបើកមកយកបុរសពីរនាក់នោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែបុរសម្នាក់ដែលជាភ្ញៀវនៅក្នុងកន្លែងកើតហេតុ។
បើតាមសម្តីពីបុរសខាងលើដែលជាភ្ញៀវបានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីវិធីខួបកំណើត នៅផ្ទះមិត្តភក្តិនៅម្តុំវត្តក្រាំងធ្នង់ ហើយគាត់បានទំនាក់ទំនង់ហៅរថយន្តតាក់ស៊ីខាងលើឲ្យមកយករូបគាត់ទៅផ្ទះនៅម្តុំចំការដូង ខណៈពេលដែលរថយន្តតាក់ស៊ីខាងមកដល់ គាត់ឃើញតៃកុងម្នាក់ និងបុរសម្នាក់នៅក្នុងរថយន្តហើយរូបគាត់ក៏បានឡើងជិះទៅ។ ស្រាប់តែខណៈពេលដែលរថយន្តបើកមកដល់ចំណុចកើតហេតុ មិនដឹងថាយ៉ាងម៉េច ស្រាប់តែរថយន្តរេទៅបុកបង្គោលភ្លើងតែម្តង។
ក្រោយពេលកើតហេតុ បុរសខាងលើបានឡើងជិះរ៉ឺម៉កកង់បីបន្តដំណើរទៅផ្ទះបាត់ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ព្រែកជ្រៃ