ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនថមថយ

ចែករំលែក៖

បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាន់តែមានសភាពមមាញឹកខ្លាំងឡើង ក្រោមការចាត់ចែង និងសម្របសម្រួលពីសំណាក់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ គ្មានរថយន្ត ឬគ្រឿងយន្តកែច្នៃណាមួយដែលដឹកឈើអាចចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយមិនទាក់ទងលោកប្រាក់ អ៊ីឡេងនោះបានឡើយ។ យ៉ាងហោចណាស់ត្រូវទូរស័ព្ទជូនដំណឹងជាមុន ទើបរថយន្ត ឬគ្រឿងចក្រដឹកឈើអាចចេញដំណើរពីតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់នេះបាន។

ប្រភពីមន្ត្រីបរិស្ថានប្រចាំការនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់អះអាងថា ច្រកចេញឈើមិនមានច្រើននោះទេនៅតំបន់ភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រខេត្តពោធ៍សាត់ ដូច្នេះពួកឈ្មួញមិនអាចធ្វើសកម្មភាពដោយសេរីតាមចិត្តនោះឡើយ។ ឈ្មួញអាចគេចវេះម្តងបាន ប៉ុន្តែគ្មានជាលើកទី២នោះឡើយ ប្រសិនបើជួបនឹងក្រុមល្បាតពិសេសរបស់លោកប្រាក់ អ៊ីឡេង មុខជាត្រូវចាប់ផាកពិន័យ ឬរហូតដល់ជាប់គុកផង។ ដូច្នេះគ្មានឈ្មួញណាហ៊ានធ្វើសកម្មភាពកំបាំងភ្នែកលោកប្រាក់ អ៊ីឡេងនោះបានឡើយ។ ក្នុងរថយន្ត១គ្រឿងយ៉ាងហោចណាស់ត្រូវបង់៥០ម៉ឺនរៀល… នៅមានរថយន្តកែច្នៃ និងរទេះដឹកឈើ… ។ អ្វីដែលគេចាប់អារម្មណ៍នោះ ម៉ូតូដឹកឈើមិនត្រូវបានទារប្រាក់នោះទេ។

ប្រភពពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់អះអាងថា លោកប្រាក់ អ៊ីឡេង ជាអ្នកដែលជិតស្និទ្ធជាមួយនឹងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដូច្នេះលោក ប៉ាន់ មរកត (ប្រធានមន្ទីរបរិស្ថាន) បានព្រលែងលោកប្រាក់ អ៊ីឡេងក្នុងនាមប្រធានក្រុមល្បាតពិសេសឲ្យចូលព្រៃរកប្រាក់។ ប្រភពបានរាយការណ៍ថា ក្នុងមួយថ្ងៃៗ លោកប្រាក់ អ៊ីឡេង អាចរកប្រាក់បានរាប់ពាន់ដុល្លារពីការចាំតែទទួលទូរស័ព្ទឈ្មួញសុំការអនុញ្ញាតដឹកឈើចេញ ។ រីឯលោកប៉ាន់ មរកត ក៏កំពុងសោយសុខជាមួយគ្នានេះដែរ។ គេមិនដឹងថា តើក្រសួងបរិស្ថានយល់យ៉ាងណាចំពោះបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់៕


ចែករំលែក៖