ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសប្រជុំភ្លាម ក្រុមផលិតករព្រួយបារម្ភភ្លែត

ចែករំលែក៖

ភ្នំពេញ៖ នៅពេលនេះ មានផលិតករជាច្រើនបានបង្ហាញក្តីព្រួយបារម្ភក្រោយពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសកោះប្រជុំជាមួយនឹងផលិតករ មកពីផលិតកម្មនានា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ប្រយោជន៍ផ្សព្វផ្សាយអំពីគោលការណ៍របស់មន្ត្រីពន្ធដារក្នុងការប្រមូលពន្ធពីវិស័យភាពយន្ត។

ពន្ធដែលផលិតកម្មនានាត្រូវបង់ជូនរដ្ឋ ត្រូវបានផលិតករលើកឡើងថា ជាការរុញច្រានឲ្យផលិតកម្មស្ទើរតែទាំងអស់បិទទ្វារ ផ្អាកដំណើរការទាំងស្រុង ព្រោះតែមិនមានលទ្ធភាពបង់។

ក្រសួងសិល្បៈវប្បធម៌បានផ្សព្វផ្សាយអំពីគោលការនៃការប្រមូលពន្ធរបស់មន្ត្រីពន្ធដារ ដែលធ្វើឲ្យផលិតករមានការបារម្ភខ្លាំង។ នេះបើយោងតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននគរវត្ត ពីសំណាក់ផលិតករ ដែលស្នើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ប្រភពបានប្រាប់នគរវត្តថា ការបារម្ភព្រោះតែការធ្វើរបាយការណ៍ មានភាពស្មុគស្មាញ់ និងចំនួនទឹកប្រាក់នៃការបង់ពន្ធមានចំនួនកាន់តែច្រើន។

ប្រភពបញ្ជាក់ថា ពន្ធទីមួយ គឺពន្ធពីចំណូលនៃការបញ្ចាំងក្នុងរោង កាត់១០ភាគរយទៅរដ្ឋ។ ទី២ ក្រោយចែកជាមួយរោងកុនត្រូវកាត់១ភាគរយទៅរដ្ឋ។ ទី៣ ត្រូវបង់ពន្ធអាករ១០ភាគរយរាល់ខែ នៃប្រាក់ចំណូលរបស់ផលិតកម្ម។

ទី៤ ត្រូវបង់ពន្ធ (vat)ប្រចាំឆ្នាំ។

ទី៥ ពន្ធកាត់ទុកពីប្រាក់ចំណូលចំនួន១៥ភាគរយ។

ទី៦ គឺការកាត់ពន្ធ១០ភាគរយពីតម្លៃជួលទីតាំង ការិយាល័យ។

ទី៧ ពន្ធកាត់ពីបុគ្គលិកពេញម៉ោង១០ភាគរយសម្រាប់បុគ្គលិកមានប្រាក់បៀវត្សរិ៍ចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ។ ទី៨ ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ។

ទី៩ ពន្ធលើកម្មសិទ្ធិ ឬស្នាដៃ ចំនួន១៥ភាគរយ។

ទី១០ ពន្ធកម្រៃនៃប្រាក់ចំណូលតួសម្តែង ១៥ភាគរយ។

ទី១០ ពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ ១០ភាគរយ… .ល.។

ផលិតករខាងលើបានបន្តរិះគន់ប្រាប់នគរវត្តទៀតថា ក្រោយបញ្ចប់ការប្រជុំជិត២ម៉ោង ផលិតករមានពេលត្រឹម១០នាទីប៉ុណ្ណោះ ដើម្បីនិយាយពីទុក្ខលំបាករបស់ខ្លួនប្រាប់ទៅមន្ត្រីក្រសួង ហើយបញ្ហា និងសំណើទាំងនោះត្រូវបានក្រសួងបដិសេធន៍នៅក្នុងការទទួលយក។

ពាក់ព័ន្ធករណីនេះ នគរវត្តនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ពីមន្ត្រីក្រសួងពាក់ពន្ធ។ ប៉ុន្តែបញ្ហាពន្ធ និងបញ្ហាប្រឈមជាច្រើនសម្រាប់ផលិតករនេះ ត្រូវបានគេជឿជាក់ថា នឹងធ្វើឲ្យផលិតកម្មស្ទើរតែទាំងអស់ផ្អាកការផលិតរបស់ខ្លួន ព្រោះតែប្រាក់ចំណូលដែលទទួលបានក្រៅពីចែកពាក់កណ្តាលជាមួយរោងកុនហើយ ត្រូវយកមកកាត់ពន្ធជូនរដ្ឋជាច្រើនទៀត។ គ្រាដែលផលិតកម្មខ្លះមួយឆ្នាំចេញថតស្ទើរមិនបានមួយរឿងផង ត្រូវប្រឈមនឹងបញ្ហាប្រាក់ចំណូលទៀត ទើបត្រូវបង្ខំចិត្តបិទផលិតកម្មចោលតែម្តង។

គួរបញ្ជាក់ដែរថា វិស័យភាពយន្តខ្មែរចាប់ផ្តើមមានសន្ទុះបន្តិច ក្នុងរយៈពេលចុងក្រោយនេះ ពិសេសក្រោយពេលដែលក្រសួងចេញសេចក្តីប្រកាសហាមចាក់បញ្ចាំងភាពយន្ត និងកម្មវិធីបរទេសក្នុងម៉ោងមាស។ ប៉ុន្តែផលិតករជាច្រើនបង្ហាញពីក្តីព្រួយបារម្ភ នៃការធ្លាក់ចុះជាថ្មីនៃវិស័យនេះ ក្រោយពីការប្រកាសយកពន្ធទៅលើបុគ្គលិកទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធ។

ផលិតករបានស្នើឲ្យរដ្ឋកំណត់ពន្ធលើផលិតកម្មទាំងអស់ពីខ្នាតមធ្យមមកត្រឹមខ្នាតតូចវិញ ព្រោះតែផលិតកម្មពិបាកធ្វើរបាយការណ៍រៀងរាល់ខែ។

ពួកគេក៏បាន ស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ ដោយលើកលែងពន្ធពី១០ទៅ១៥ឆ្នាំ ដោយរង់ចាំឲ្យវិស័យខាងលើនេះដើរទៅមុខរលូនបន្តិចសិន៕ វឌ្ឍនា


ចែករំលែក៖