ព័ត៌មានទាន់ហេតុការណ៍៖

បើកឡានធ្វេសប្រហែសក្នុងតំបន់ទីប្រជុំជនជ្រុលទៅបុកស្រ្ដីអ្នកថ្មើរជើងស្លាប់ហើយអាងបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីជាអ្នកថ្មើរជើងម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងមួយប៉ព្រិចភ្នែក ខណៈធ្វើដំណើរឆ្លងផ្លូវ ត្រូវរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បើកបើកមកបុកពេញទំហឹង បណ្ដាលដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗ រីឯរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃព្រហស្បត៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១-២២ ត្រង់ចំណុចមុខភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្កណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ថុត រី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ អ្នកសំអាតរោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល មានស្រុកកំណើតនៅភូមិព្រៃប្រាសាទ ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដបង្កមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ បើករថយន្ដរត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបន្ដប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្រ្ដីរងគ្រោះជាអ្នកថ្មើរជើង ធ្វើដំណើរតាមចិញ្ចើមផ្លូវ លុះមកដល់ចំណុចកើតហេតុស្រ្ដីរងគ្រោះបានធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីលេខទៅកើត ខណៈនោះក៏មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗតែម្ដង រីឯរថយន្ដបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចចរាចរណ៍ស្រុកបានចុះមកអន្ដរាគមន៍ពិនិត្យ និងវាស់វែងកសាងឯកសារស្រាវជ្រាវស៊ើបអង្កេតតាមរកម្ចាស់រថយន្ដដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពស្រ្ដីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបរថយន្ដ បើកធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នក្នុងទីប្រជុំជន ទើបបានជាជ្រុលទៅបុកស្រ្ដីជាអ្នកថ្មើរជើងស្លាប់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖