ភ្នំពេញ៖ ក្នុងរយៈពេល១សប្តាហ៍ចុងខែតុលានេះសមត្ថកិច្ចកងរាជអាវុធហត្ថរាជ ធានីភ្នំពេញបានបង្ក្រាបចោរឆក់៣ក្រុមមានគ្នីគ្នា១៣នាក់ដោយក្នុងនោះមាន៨នាក់ ជាកំពូលចោរឆក់មិនញញើតដៃរហូតដល់រាប់ភ្លេច ទើបតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។
ដោយឡែកកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនចោរឆក់២ក្រុមចំនួន៥នាក់ផ្សេងទៀតទៅកាន់សាលាដំបូងរាជធានីដើម្បីឲ្យព្រះរាជអាជ្ញាចោទប្រកាន់ និងផ្តន្ទាទោសតាម ច្បាប់ ។
គួរបញ្ជាក់ថា ក្រុមចោរឆក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានមានគ្នា២នាក់ គឺឈ្មោះ លី អុីវឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួល ផ្លូវលេខ៣៧០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុក កំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀម រាប ខេត្តសៀមរាប។ កាលពីវេលាម៉ោង ប្រមាណ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះម្នាក់ឈ្មោះ សែម រីហ្គោ ដែលកំពុងជិះម៉ូតូឌុប នៅចំណុចផ្លូវ ព្រះសីហនុមុខក្រុមហ៊ុន Mobitel ហើយ ពេលនោះជនរងគ្រោះបានស្រែកឆោឡោឮដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌដូន ពេញជួយធ្វើអន្តរាគមន៍ដេញពីក្រោយជនសង្ស័យរហូតឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ២៤០កែងផ្លូវលេខ១៩ ។
ដោយអនុវត្តតាមវិធានការជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ លី អុីវឡុង បានសារភាពថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពឆក់បានចំនួន ៣ដងរួចមកហើយ។ រីឯឈ្មោះ ជា បញ្ញា ទើបតែមកលេងភ្នំពេញប៉ុណ្ណោះដោយ អស់លុយចាយរូបគេក៏បបួលចេញរកលុយ ដោយជិះម៉ូតូរកមើលឱកាសឆក់កាបូប ឬ ទូរស័ព្ទពីអ្នកដំណើរតាមដងផ្លូវ ។
ក្រុមចោរឆក់មួយក្រុមទៀតមានគ្នា៣នាក់មាន ឈ្មោះ លាង ដារិទ្ធ ហៅកាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅភ្នំពេញ បច្ចុប្បន្នរស់នៅផ្ទះជួល ភូមិបឹង ឈូក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ លី ស៊ីឆាយ ភេទ ប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅផ្ទះជួល សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ ជាម ខ្លា ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ បច្ចុប្បន្នរស់ នៅភូមិបឹងឈូក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
កាលពីយប់ម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧ ជនសង្ស័យទាំង៣នាក់នេះបាន ធ្វើសកម្មភាពឆក់កាបូបពីសង្សារមួយគូ ដែលបានទុកកាបូបយួរនៅក្រោយខ្នងក្បែរ ខ្លួនក្នុងពេលកំពុងអង្គុយហូបអាហារនៅភោជនីយដ្ឋានភែតឌីរ៉ាយស៍ស្ថិតនៅផ្លូវលេខ១៣៦ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារ កណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែដោយជនរងគ្រោះបានស្រែកឆោឡោ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញជួយធ្វើអន្តរាគមន៍ដេញប៉ផាប់ចាប់ពភីងរហូតបង្ក្រាប និងឃាត់ខ្លួនជនស្ស័យបាននៅចំណុចផ្លូវលេខ១១៨ កែងផ្លូវជាតិលេខ៥ សង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
តាមរយៈការបង្ក្រាបក្រុមចោរឆក់ទាំង៣ក្រុមឃាត់ខ្លួនជនសង្ស័យ១៣នាក់ផ្ទួនៗ គ្នារបស់អាវុធហត្ថរាជធានីភ្នំពេញក្នុង សប្តាហ៍នេះពិតជាធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនិងអបអរសាទរត្រេកអរជា អនេក ៕ ហេង នរិន្ទ្រ