ខេត្តកណ្ដាល៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាល ពេលនេះ បានបើកការស៊ើបសួរលើឈ្មួញឈើគ្រញូងដ៏ធំ សុខ សួរ ទោះបី មេខ្លោងរូបនេះ គេចខ្លួនក៏ដោយ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យសារព័ត៌មាននគរវត្តដឹងថា មនុស្ស៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែតុលា ពេលសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ឆែកឆេរឃ្លាំងស្តុកឈើគ្រញូងមួយកន្លែង នៅផ្ទះលេខ១៣៤ ផ្លូវជាតិលេខ២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។ មនុស្ស៦នាក់នេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។
ប្រភពព័ត៌មាន បញ្ជាក់ថា មនុស្ស៦នាក់នេះ ត្រូវបានលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ “ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត “ តាមមាត្រា៩៨ ច្បាប់ស្តីពីព្រៃឈើ ។
ក្រៅពីមនុស្ស៦នាក់នេះ មេខ្លោងឈ្មួញឈើគ្រញូងឈ្មោះ សុខ សួរ ក៏ត្រូវបានតុលាការចោទប្រកាន់ផងដែរ ។ មនុស្ស៦នាក់នេះ ត្រូវបានលោកងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ៕ ចេស្តា