បញ្ហានេសាទល្មើសច្បាប់នៅក្នុងស្រុកបុរីជលសារ និងស្រុកអង្គរបុរីគេអាចមើលនឹងភ្នែកឃើញ ប៉ុន្តែអាជ្ញាធរខេត្ត និងស្រុកទាំងពីរនេះមិនព្រមចាត់វិធានការនោះឡើយ ។ អ្វីដែលហួសចិត្តទៀតនោះ អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះមិនមែនជាបណ្តាជនខ្មែរនោះទេ ផ្ទុយទៅវិញគឺជាជនជាតិវៀតណាម ដែលជាអ្នកទិញបទល្មើសពីអាជ្ញាធរខ្មែរ ។
គេរាយការណ៍ថា បទល្មើសនេសាទកំពុងកើតមានព្រោងព្រាតនៅក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងស្រុកបុរីជលសារ រួមទាំងមួយផ្នែកទៀតនៃស្រុកកោះអណ្តែតខេត្តតាកែវ។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកឃុបឃិតគ្នាជាប្រព័ន្ធដល់ថ្នាក់ខេត្ត អនុញ្ញាតឲ្យឈ្មួញវៀតណាម២នាក់ម៉ៅផ្តាច់ក្នុងការកសាង និងអនុវត្តបទល្មើសនេសាទនៅក្នុងស្រុកទាំងពីរនេះ។ គេមិនឃើញបណ្តាជនជាតិខ្មែរហ៊ាននេសាទខុសច្បាប់នៅក្នុងដែនទឹកនៃស្រុកអង្គរបុរី និងស្រុកបុរីជលសារនោះឡើយ។
ប្រភពបានបន្ថែមថា ដោយសារឆ្នាំនេះទឹកឡើងខ្លាំង ដូច្នេះ បទល្មើសនេសាទបានកើតឡើងពាស់ពេញផ្ទៃទឹក ។ ពួកអ្នកនេសាទវៀតណាម បានចូលមកដាក់ដាយចម្ងាយរាប់ពាន់ម៉ែត្រ និងទូកនេសាទរាប់សិបគ្រឿង ដែលពួកគេមិនលើកលែងសូម្បីតែខ្យងក៏ត្រូវយកត្រឡប់ទៅប្រទេសវៀតណាមវិញដែរ ។ ប្រភពបានឲ្យដឹងថា ឈ្មួញវៀតណាមឈ្មោះ ណុក ជាអ្នកម៉ៅផ្តាច់ក្នុងការប្រមូលលុយពីអ្នកនេសាទវៀតណាមឲ្យសមត្ថកិច្ច អាជ្ញាធរដែនដីខ្មែរនៅក្នុងស្រុកបុរីជលសារ និងស្រុកអង្គរបុរី។ រីឯបទល្មើសនេសាទនៅក្នុងអតីតឡូត៍លេខ១០, ១១, ១២ និង១៣ ត្រូវបានឈ្មួញវៀតណាមឈ្មោះ កេ ជាអ្នកគ្រប់គ្រងក្នុងការប្រមូលប្រាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចខ្មែរ។
ករណីនេះ ប្រជានេសាទទាំងពីរស្រុកខាងលើមិនដឹងថា តើអាជ្ញាធរខេត្តតាកែវ ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជ្រាបអំពីករណីនេះដែរឬយ៉ាងណានោះទេ ឬមួយក៏ទទួលបានលាភសក្ការពីឈ្មួញវៀតណាមទាំងពីរនាក់នេះដែរ? ឬមួយក៏គិតដូចមន្ត្រីខ្មែរថ្នាក់ក្រោមថា ត្រីទាំងនោះបើមិនឲ្យពួកឈ្មួញវៀតណាមនេសាទទេ វាក៏គង់ហូរតាមទឹកចុះទៅប្រទេសវៀតណាមដដែល? ដូច្នេះឲ្យវៀតណាមចូលមកនេសាទចុះ(Sic) ៕