ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចផ្ទុះអាវុធ៤គ្រាប់ តាមប្រមាញ់មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញៈ ស្នូរផ្ទុះអាវុធ៤គ្រាប់ផ្ទួនៗគ្នាទាំងព្រឹកបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដែលខ្លះនឹកស្មានថាមានអំពើចោរប្លន់ តែការពិតនេះជាការផ្ទុះអាវុធរបស់សមត្ថកិច្ចក្នុង​ការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់របស់កម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃដែលតាមប្រមាញ់តាំងពីសង្កាត់ចោមចៅ រហូតដល់ឃ្លាំងប្រេងសាំងសូគីម៉ិច ខណ្ឌៃឬស្សីកែវ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរហូតមានការផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅលើសួនច្បារក្បែរបេនឡានក្រុង ស្ថិតខាងមុខឃ្លាំងប្រេងឥន្ធនៈសូគីម៉ិចតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញក្រុមកម្លាំង​នគរបាលមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ប្រមាន៦ទៅ៧នាក់ ដែលខ្លះស្លៀកពាក់ស៊ីវិល នឹងខ្លះទៀតឯកសណ្ឋាននគរបាល បានជិះរថយន្ត២គ្រឿងដោយ ម៉ាកហាយឡែនឌ័រ ១គ្រឿង និងកាម៉ារីបាឡែនមួយគ្រឿង រួមទាំងម៉ូតូផង។ សមត្ថកិច្ចទាំងនោះប្រដាប់ដោយកាំភ្លើងខ្លី និងវែង ហើយពេលជួបមុខសញ្ញានៅទីនោះបន្ទាប់ពីជិះដេញតាំងពីសង្កាត់ចោមចៅមកនោះ ក៏ឈប់រថយន្តនិងម៉ូតូដេញចាប់ជនសង្ស័យពីរនាក់យ៉ាងប្រផាប់ប្រភីងហើយចាប់បានមុខសញ្ញាម្នាក់ជាបុរស រុញចូលរថយន្តហាយឡែនឌ័រភ្លាមៗ ។

ប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍នេះសមត្ថកិច្ចមួយក្រុមទៀតបានតាមចាប់ មុខសញ្ញាម្នាក់ទៀត ដែលពួកគេជិះរថយន្តក្រុងមកឈប់នៅខាងមុខឃ្លាំងសាំងសូគីម៉ិចនេះ ក្នុងគោលបំណងជួញដូរគ្រឿងញៀន ហើយពេលនោះបើទោះបីកម្លាំងសមត្ថកិច្ចផ្ទុះអាវុធ៤ គ្រាប់ដើម្បីឲ្យជនសង្ស័យឈប់ឲ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួលក៏ដោយក៏ជនសង្ស័យរូបនោះ មិនខ្លាចកម្លាំងសមត្ថកិច្ច នោះទេ ផ្ទុយទៅវិញ គេប្រឹងរត់សំដៅទៅមាត់ទន្លេហក់ចូល​ទឹកហែលបានប្រហែលជា៥០ម៉ែត្រ ទៅតោងឡើងដើមឈើ១ដើមក្នុងមាត់ទន្លេហើយពេល​នោះដែរកម្លាំងសមត្ថកិច្ចទាំងនោះបានឡើងលើទូកនេសាទបងប្អូនជនជាតិចាមដែលកំពុងឈប់ក្បែរនោះ ទៅចាប់ជនសង្ស័យនាំមកលើគោករួចបញ្ចូលឡានទាល់តែបាន ។

យ៉ាងណាជនសង្ស័យទាំង២នាក់នេះ មិនត្រូវបានគេដឹងថារឹបអូសថ្នាំញៀនបានប៉ុន្មាន និងមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានក្មេងម្នាក់អាយុក្រោម២០ឆ្នាំ និងចាស់ម្នាក់អាយុជាង៥០ឆ្នាំ ត្រូវបានបញ្ជូន​ទៅមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការភ្លាមៗ ៕ ប្រាថ្នា


ចែករំលែក៖